(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារលិខិតអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោ ដែលបានទទួលគោរមងារជា «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ»ពីសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាង នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា «ខ្ញុំសូមអបអរសាទរ ចំពោះព័ត៌មានដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាមេដឹកនាំទទួលខុសត្រូវខ្ពស់ លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ធំធេងប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់។ សម្តេចអគ្គមហាសេនាបតីតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានស្ថិរភាពសង្គម មានការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដែលជា ប្រការនាំឱ្យប្រជារាស្ត្រទទួលបានសេចក្ដីសុខសន្តិភាព។
ខ្ញុំសូមប្រសិទ្ធពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង ឃ្លាតឡើយ»៕