(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាប្រធានក្រុមការងារ អ.ម.ត ខេត្តកោះកុង នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អ.ម.ត ខេត្តកោះកុង ប្រគេនទេយ្យទាន និងដាំដើមផ្កាចម្រុះពណ៌ចំនួន៥០០ដើម ជូនព្រះចៅអធិការគង់ នៅវត្តតាកាត (វត្តចាស់) ស្ថិតនៅភូមិតាកាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្នុងឱកាសនោះ លោក ហាក់ ឡេង បានថ្លែងថា ប្រទេសយើងមានសន្តិភាព មានស្ថេរភាព មានការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យពុទ្ធសាសនា គឺស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចប្រឹងប្រែងពុះពារគ្រប់កាលៈទេសៈ ដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយសម្តេចតេជោ បានធ្វើឲ្យប្រទសកម្ពុជា មានភាពល្បីល្បាយនៅឆាកអន្តរជាតិ។
លោក ហាក់ ឡេង បានបន្តថា ប្រទេសមានសន្តិភាព មានស្ថេរភាពពេញលេញហើយយើងទាំងអស់គ្នារួមគ្នាថែរក្សាសន្តិភាព ឲ្យគង់វង្ស និងអភិវឌ្ឍន៍បន្ថែមទៀត ហើយយុវជន យុវតីទាំងអស់គ្នា ត្រូវមានតួនាទីបំពេញកាតព្វកិច្ចជាទំពាំងស្នងឫស្សី និងបង្កើនធនធានមនុស្សឲ្យកាន់តែមានភាពរីកចម្រើនដើម្បីប្រទេសកម្ពុជា ឲ្យមានកេរ្តិ៍ឈ្មោះមានភាពល្បីល្បាញកាន់តែខ្លាំងឡើងៗ។
លោកបានបន្តថា ថ្ងៃនេះលោក និងក្រុមការងារ អ.ម.ត មានសេចក្តីសោមនស្សរីករាយក្រៃលែងក្រោដំណក់ទឹកភ្លៀងដោយក្រុមការងារ អ.ម.ត បានរួមគ្នាប្រគេនទេយ្យទាន និងដាំដើមផ្កាចម្រុះពណ៌ចំនួន៥០០ដើម ជូនវត្តកាកាត (វត្តចាស់) ដែលកំពង់សាងសង់ ហើយនេះបញ្ជាក់ឲ្យឃើញថាការដាំដើមផ្កានេះ គឺធ្វើឲ្យបរិវេនវត្តមានសោភ័ណ្ឌភាពមានហេដ្ឋារចនាស្រស់ស្អាតក្នុងវត្ត ហើយក៏លើកស្ទួយផ្នែកវិស័យទេសចរណ៍ចូលមកកម្សាន្ដបានច្រើនផងដែរ។ លោកសូមផ្តាំផ្ញើទៅដល់បងប្អូនរួមគ្នាដាំដើមឈើឲ្យបានក្នុងម្នាក់ ឲ្យបាន១ដើម និងឈប់កាប់បំផ្លាញព្រៃឈើ ពីព្រោះដើមឈើមានអត្ថប្រយោជន៍ច្រើនដល់មនុស្ស សត្វ៕