(ស្វាយរៀង)៖ លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិ របបសន្តិសុខសង្គម និងជាអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះផ្សព្វផ្សាយពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដល់កម្មករ-កម្មការិនី ក្នុងរោងចក្រ DK INC នាតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង។។
នាឱកាសនេះ លោក សេង សក្ដា បានថ្លែងឱ្យដឹងថា ដើម្បីធានាសុខដុមនីយកម្ម ជូនកម្មករនិយោជិត ក្រសួងការងារ បានរៀបចំដំណាក់កាល នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៦នេះ ដែលត្រូវផ្ដើមចេញពីរោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺជាមុនសិន បន្ទាប់មកនឹងបន្តទៅខេត្តដទៃទូទៅប្រទេសកម្ពុជា ហើយបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បាននិងកំពុងរៀបចំដាក់ឱ្យអនុវត្តកម្មវិធីប្រាក់សោធន ក្នុងឆ្នាំ២០១៧ ដែលជាគោលដៅលើកកម្ពស់សិទ្ធិមនុស្ស និងគាំពារជីវភាពកម្មករនិយោជិត នៅពេលធ្លាក់ខ្លួនចាស់ជរាធ្វើការលែងកើត ហើយនេះក៏យុទ្ធសាស្រ្តចម្បងមួយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ។
លោកបានបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ចំពោះកម្មករ-កម្មការិនី ដែលធ្វើដំណើរទៅកន្លែងធ្វើការងារ និងត្រឡប់ពីកន្លែងធ្វើការងារ ទៅលំនៅដ្ឋានខ្លួនវិញ ជាកង្វល់ដ៏ធំរបស់រាជរដ្ឋាភិបាល និងជាបន្ទុកសង្គមដ៏ធ្ងន់ធ្ងរ។ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ក៏ដូចជាបញ្ហាផ្សេងៗ បានកើតមានជាញឹកញាប់ ក្រសួងការងារ បានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត ដើម្បីដោះស្រាយបញ្ហាទាំងនេះ ជូនកម្មករ-កម្មការិនី ហើយក្រុមការងារនេះ បានចុះអនុវត្តការងារបានជាច្រើនកន្លែង ដែលមានការចូលរួមពីសមាសភាព មកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កាកបាទក្រហមកម្ពុជា ស.ស.យ.ក តំណាងនិយោជក តំណាងសហជីព និងអង្គការជនពិការអន្តរជាតិ។
សូមជម្រាបថា លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរ និងដឹកជញ្ជូន តាមការណែនាំរបស់មន្រ្តី និងភាក់ងារចរាចរណ៍ ដូចជាពាក់មួកសវត្ថិភាព ពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ, ពេលបើកបរកុំពិសារគ្រឿងស្រវឹង, កុំបើកបរហួសល្បឿនកំណត់ ជាដើម៕