(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃអគ្គស្នងការដ្ឋាននករបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានត្រៀមកម្លាំង និងមធ្យោបាយចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ ក្នុងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការលើកទី១២ ឆ្នាំ២០២៣ ចំនួន៤ខេត្ត ដែលនៅជាប់មាត់សមុទ្រ។
នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានប្រើប្រាស់កម្លាំងសរុប ចំនួន៥២០នាក់ និងមធ្យោបាយល្បាត ចំនួន៤៣គ្រឿង (នាវាល្បាតកម្លាំង១,៦០០សេះ ចំនួន៣គ្រឿង, នាវាល្បាតកម្លាំង៥០០សេះ ចំនួន៣គ្រឿង, អូប័រប្រដេញកម្លាំង៧០០សេះ ចំនួន៤គ្រឿង, អូប័រកម្លាំង២០០សេះ ចំនួន១គ្រឿង, អូប័រកម្លាំង១៥០សេះ ចំនួន១គ្រឿង, អូប័រកម្លាំង១១៥សេះ ចំនួន២គ្រឿង, អូប័រកម្លាំង៨០សេះ ចំនួន១គ្រឿង, អូប័រកម្លាំង៥០សេះ ចំនួន១គ្រឿង, អូប័រកម្លាំង៤០សេះ ចំនួន១២គ្រឿង, អូប័រកម្លាំង១៥សេះ ចំនួន២គ្រឿង, រថយន្តចំនួន៥គ្រឿង និងទោចក្រយានយន្ត ចំនួន៨គ្រឿង)។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៣ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕