(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក នរៈ រតនៈវឌ្ឍោ រដ្ឋលេខាធិការក្រសួងធម្មការ និងភរិយាបាននាំយក អំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋជួបការលំបាកក្រីក្រ ១២៧គ្រួសារ មកពី១០ភូមិ ក្នុងឃុំដំណាក់ និងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បាននិយាយទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើទោះបី «ជាបងប្អូននៅមានជីវភាពខ្វះខាតតិចតួច ក៏ពិតមែន តែយើងមានសន្តិភាព១០០% ហើយមានឱកាសបាន ជួបជុំដូចពេលនេះ ជាក់ស្តែងនៅកន្លែងដែលយើងកំពង់ ចែកអំណោយនេះ ជាចំណុចក្តៅដែលខ្មែរក្រហម កាន់កាប់គ្រប់គ្រងជាយូរមកហើយ»។
លោកអភិបាលខេត្តបន្តថា ក្រោយពីទទួលបានជយ័ជំនះលើរបបប៉ុលពតមក មានការអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័ស ដែលមានវត្តអារាម ជាទីគោរពសក្ការៈគ្រប់ទិសទី ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល បានឆ្លុះបញ្ចាំងពីភាពរីកចំរើនអភិវឌ្ឍន៏ដែលបាននាំជីវភាព បានធូធាជាងមុនគួរឲ្យកត់សម្គាល់។
លោកអភិបាលខេត្តបញ្ជាក់ថា អំណោយដែលនាំមកចែកជូនបងប្អូននាពេលនេះ បានមកពីការចែករំលែក សប្បុរសជនព្រះចៅអធិការ គ្រប់វត្តក្នុងខេត្ត៕