Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU ឃាត់ខ្លួនជំនួយការអគ្គនាយកគយ និងរដ្ឋាករម្នាក់ ពាក់ព័ន្ធនឹងករណីបង្ខំយកលុយក្រុមហ៊ុន ដោយខុសច្បាប់

15-07-2016 09:32

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួួយ (ACU) បានប្រាប់អង្គភាព Fresh News ឱ្យដឹងថា ACU បានសម្រេចឃាត់ខ្លួនជំនួយការអគ្គនាយកគយ និងរដ្ឋាករម្នាក់ ដែលបានបង្ខំយកលុយពីក្រុមហ៊ុនដោយខុសច្បាប់។

មន្រ្តីគយ និងរដ្ឋាករ ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ មានឈ្មោះ អ៉ឹង ជាវែង មានតួនាទីជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការលោក អគ្គនាយកគយ និងរដ្ឋាករកម្ពុជាផងដែរ។ នេះបើតាមនាមបណ្ណដែលផ្តល់ដោយមន្រ្តី ACU។ លោក អ៉ឹង ជាវែង ត្រូវបាន ACU ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០១៦ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា អង្គភាពរបស់លោកបានតាមស្រាវជ្រាវលើ លោក អ៉ឹង ជាវែង ជាច្រើនលើករួចទៅហើយ រហូតដល់មានការឃាត់ខ្លូននេះ។ លោកថា នៅថ្ងៃឃាត់ខ្លួន លោក អ៉ឹង ជាវែង បានទៅយកលុយពីក្រុមហ៊ុន ៣ ទៅ៤ឯណោះ។ លោកថ្លែងថា «មានក្រុមហ៊ុន ៣ទៅ៤ដែរ ដែលគាត់បានយកជាក់ស្តែងនៅថ្ងៃទី១៣ កក្កដាហ្នឹង ហើយពីមុនៗទៀតដែលយើងតាមហ្នឹង យើងសង្កេតឃើញថា មានច្រើនដែរ ប៉ុន្តែអាហ្នឹងមិនមែនជាបទល្មើសជាក់ស្តែង យើងត្រូវធ្វើបែបបទរបៀបផ្សេង»

លោកថា «គាត់បានទារនូវអ្វីដែលមិនត្រូវទារលើបញ្ហានេះ ដែលជារឿងខុសច្បាប់»

ទោះជាយ៉ាងណា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរំពឹងថា នឹងបញ្ជូន លោក អ៉ឹង ជាវែង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជាង៣រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីឃាត់ខ្លួនអស់៤៨ម៉ោង៕