(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានប្រារព្វទិវាឆ្មបជាតិ ៥ ឧសភា ២០២៣ ក្រោមអធិបតីភាពលោកស្រីសាស្រ្តាចារ្យ តាន់ វួចឆេង រដ្ឋលេខាធិកាក្រសួងសុខាភិបាល តំណាង លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា, លោកស្រី Sandra Bernklau ប្រធានអង្គការ UNFPA ប្រចាំកម្ពុជា, លោកស្រី គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, អង្គការដៃគូ រួមទាំងមន្ដ្រីសុខាភិបាលទាំង ២៥ខេត្ត-រាជធានី និងសមាជិការសមាគមឆ្មបកម្ពុជា ដែលមានវត្តតាមកម្មវិធី ZOOM។

ក្នុងឱកាសនោះ ប្រារព្វទិវាឆ្មបជាតិ ៥ ឧសភា ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ បានអានសាររបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រៅពីបានរំលេចនូវសមិទ្ធផលដែលសម្រេចបាន នូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការងារសុខភាពមាតា ទារក កុមារ ក៏មាននូវការអំពាវនាវផងដែរ ដោយបានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ សូមចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបាន គោលដៅរបស់រាជរដ្ឋាភិបាលតាមការកំណត់ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ សូមជួយ និងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ទន្ទឹមនឹងនោះ មន្ដ្រីជាន់ខ្ពស់សុខាភិបាល លោកស្រីសាស្ដ្រាចារ្យ តាន់ រួចឆេង បានថ្លែងគាំទ្រទាំងស្រុងនូវសារអំពាវនាវ របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាតិ និងអន្ដរជាតិ បុគ្គលិកសុខាភិបាល និងសាលាបណ្ដុះបណ្ដាលឆ្មបទាំងអស់ ត្រូវចូលរួមពង្រឹង និងពង្រីក សមត្ថភាព និងផ្ដល់សេវាថែទាំឆ្មប នៅតាមមូលដ្ឋានសុខាភិបាលឱ្យមានភាពល្អប្រសើរ។

លើសពីនោះ ក្រសួងសុខាភិបាលនឹងគាំទ្រ និងវិនិយោគបន្ថែមទៀតរួមមាន គោលនយោបាយលើការពង្រឹងគុណភាព និងគាំទ្រឆ្មប ក្នុងការអនុវត្ដនូវដែនកំណត់នៃសេវាថែទាំសុខភាពបន្ដពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ឱ្យបានពេញលេញ ដើម្បីសម្រេចបាននូវគោលដៅរួមនៃរបៀបវីរៈសន្និសីទអន្ដរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍ ជាពិសេសលទ្ធផលវិជ្ជមានចំនួន ៣​រួមមាន៖ បញ្ចប់មរណភាពមាតាដែលអាចការពារបាន បញ្ចប់ការមានផ្ទៃពោះមិនតាមប្រាថ្នា និងបញ្ចប់អំពើហិង្សាផ្អែកលើយែនឌ័រ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមានការដឹកនាំចង្អុលបង្ហាញអំពីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលផងនោះ សកម្មភាពការងារសុខភាព មាតាទារក និងកុមារ ដែលជាសកម្មភាពចម្បងមួយក្នុងចំណោមសកម្មភាពជាអទិភាពជាច្រើនក្នុងវិស័យសុខាភិបាល ត្រូវបានពង្រឹងឥតឈប់ឈរ តាមរយៈ ការអភិវឌ្ឍធនធាន ការដាក់ពង្រាយឆ្មបនៅគ្រប់មូលដ្ឋានសុខាភិបាល ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ពង្រីកការគ្របដណ្តប់សេវាសុខាភិបាលឱ្យកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងការឧបត្ថម្ភថវិកា លើកទឹកចិត្តដល់ឆ្មបដែលបានសម្រាលកូននៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពផងដែរ ឈានទៅសម្រេចបាននូវសមិទ្ធផលជាច្រើន។ នេះបើតាមការបញ្ជាក់របស់លោកស្រី គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

សូមជម្រាបថា ការប្រារព្វទិវានេះ ដើម្បីពង្រឹងសេវាថែទាំផ្នែកលើភស្ដុតាងថ្មីៗ ដើម្បីលើកកម្ពស់សុខភាពរបស់មាតា និងទារក, ការស្វែងរកគាំទ្រលើការងាររបស់ឆ្មបក្នុងការជួយសង្គ្រោះជីវិតស្ដ្រី និងទារក ដើម្បីធានាបាននូវធនធានគ្រប់គ្រាន់ ក្នុងការផ្ដល់សេវារបស់ឆ្មប អបអរសាទរ និងទទួលស្គាល់តួនាទី និងស្នាដៃការងារឆ្មបលើកទី២៩ឆ្នាំ នៃការបង្កើតសមាគមឆ្មបកម្ពុជា, ការផ្ដល់ចំណេះដឹងអំពីតួនាទីរបស់ឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម, ការលើកកម្ពស់ការយល់ដឹងស្ដីពីតួនាទីរបស់ឆ្មប ក្នុងការចូលរួមសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងចែករំលែកចំណេះដឹង និងបណ្ដាញការងារសុខភាពបន្ដពូជសុខភាពមាតា និងទារក៕