ប្រធានាធិបតីអាមេរិក អូបាម៉ា ថ្កោលទោសចំពោះករណីរថយន្តបើកបុករះ សម្លាប់មនុស្សយ៉ាងរង្គាល នៅថ្ងៃបុណ្យជាតិបារាំង
15-07-2016 08:47
(បារាំង)៖ ក្រោយពីមានការណីរថយន្តធុនធំបើកបុករះ នៅទីក្រុងនីស ប្រទេសបារាំង បណ្ដាលឲ្យមនុស្សស្លាប់រហូតដល់ ៨០នាក់ និងរបួសជាង ១០០នាក់នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង និងបង្ហាញពីភាពរន្ធត់ចិត្ត។ នេះបើយោងតាមការចេញផ្សាយ Update របស់់សារព័ត៌មាន CNN នៅមុននេះបន្តិច។ ករណីវាយប្រហារនេះកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់បារាំង។
នៅក្នុងសេចក្ដីថ្លែងការណ៍ថ្កោលទោស លោកអូបាម៉ា បានបញ្ជាក់ថា «អ្វីដែលបានកើតឡើងនៅទីក្រុងនីស ប្រទេសបារាំង វាហាក់ដូចជាការវាយប្រហារភេរវកម្មយ៉ាងរន្ធត់»។ លើសពីនេះ លោកនឹងដឹកនាំក្រុមជំនួយរបស់លោកដោយផ្ទាល់ទៅកាន់ប្រទេសបារាំង។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍រថយន្តធុនធំបើកបុករះសម្លាប់មនុស្សយ៉ាងរង្គាលនេះ អាជ្ញាធរបារាំងកំពុងដាក់ការសង្ស័យថា ជាទង្វើភេរវកម្ម ព្រោះក្នុងហេតុការណ៍នោះ មានការបាញ់តបតគ្នារវាងខ្មាន់កាំភ្លើង និងប៉ូលិស៕