(ម៉ុងហ្គោលី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចពីប្រទេសម៉ុងហ្គោលី ទីដែលសម្តេចកំពុងចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ មកថា ពេលនេះកិច្ចប្រជុំបាននិងកំពុងតែចាប់ផ្តើម ជាមួយនឹងវត្តមានរបស់ថ្នាក់ដឹកនាំប្រទេសទាំង៥១ ដែលជាសមាជិក និងអង្គការ២ទៀត គឺលេខាធិការអាស៊ាន និងសហភាពអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា បើតាមការគ្រោងទុកថ្ងៃនេះ កិច្ចប្រជុំត្រូវធ្វើពេញមួយថ្ងៃរហូតដល់យប់ ដោយមិនមានពេលសម្រាក ឬដូរខោអាវនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី បានសរសេរយ៉ាងដូច្នេះថា «ការប្រជុំអាស៉ី អឺរ៉ុបលើកទី១១បានចាប់ផ្តើមជាមួយ វត្តមានថ្នាក់ដឹកនាំទាំង៥១ប្រទេស ជាសមាជិក និងអង្គការ២ទៀត គឺលេខាធិការអាស៊ាន និងសហភាពអឺរ៉ុប។ តាមការគ្រោងទុកថ្ងៃនេះប្រជុំពេញមួយថ្ងៃ រហូតដល់យប់ដែលមិនមានពេលសំរាក ឬដូរខោអាវនោះទេ»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦៕