(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា បានរៀបចំទិវាបុណ្យជាតិរបស់ខ្លួន នៅរាជធានីភ្នំពេញ ដើម្បីរម្លឹកខួបទី២០០ឆ្នាំ នៃថ្ងៃជ័យជម្នះ នៃចលនាបដិវត្តន៍ប្រឆាំងរបបរាជានិយមផ្តាច់ការបារាំង។
នៅក្នុងពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ហ្សង់ ក្លូដពាំបឺហ្វ (Jean-Claude Poimboeuf) អគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ព្រមទាំងមានមន្រ្តីរាជរដ្ឋាភិបាល បណ្តាសង្គមស៊ីវិល និងអ្នកសារព័ត៌មានចូលរួមផងដែរ។
ក្នុងពេលប្រារព្ធពិធីនេះ លោក ហ្សង់ ក្លូដពាំបឺហ្វ បានបង្ហាញអំពីបំណងប្រាថ្នារបស់រដ្ឋាភិបាលបារាំង ដែលចង់ឃើញប្រទេសកម្ពុជា មានបរិយាកាសសុខដុមរមនា និងគោរពសិទ្ធិមនុស្ស ក៏ដូចជានីតិរដ្ឋជាដើម។ លោកថា « ក្តីប្រាថ្នាធំបំផុតរបស់បារាំង គឺចង់ឃើញ ស្ថាប័ននានារបស់កម្ពុជាមានដំណើរការប្រកបដោយភាពសុខដុម នៅក្នុងបរិយាកាសគោរព នីតិរដ្ឋ និង សិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់ នៃការរីកចម្រើនផ្នែកនយោបាយសេដ្ឋកិច្ច និង សង្គម» ។
ថ្ងៃទី១៤កក្កដា គឺជាទិវាបុណ្យជាតិដ៏ធំរបស់បារាំង ដែលរំឭកដល់ប្រវត្តិនៃការវាយដណ្តើមយកទីលានបាស្ទីយ(la prise de Bastille)នៅប៉ារីស កាលពីថ្ងៃទី១៤ កក្កដា ១៧៨៩។ ប៉ុន្តែដែលគេមិនសូវដឹង វាក៏ជាការរំឭកដល់ទិវាបុណ្យសហព័ន្ធថ្ងៃទី១៤កក្កដា១៧៩០ដែរ។ ដើមឡើយនៅរុជ្ជកាលស្តេច Louis XVI ប្រទេសបារាំងបានធ្លាក់ក្នុងវិបត្តិដីធ្ងន់ធ្ងរ៖ សេដ្ឋកិច្ច នយោបាយ និង សង្គម។ ប្រជាជនបារាំង ជាពិសេសអ្នករស់នៅទីក្រុងប៉ារីស មានការខឹងសម្បានិងក្រេវក្រោធជាខ្លាំងចំពោះការដឹកនាំរបស់ស្តេចនេះ រហូតដល់មានការរំជើបរំជួលសំដៅទៅរកការបះបោរ។ ប្រឈមនឹងឧប្បត្តិហេតុនេះ ស្តេច Louis XVI ក៏បានកោះប្រជុំសភាទាំង៣គណៈ(អភិជន បព្វជិត រាស្ត្រ) ដែលកាលនោះបានស្នើជាបន្ទាន់ឲ្យធ្វើការកែទម្រង់ស្ថាប័នជាតិទាំងមូល។ សំណើនេះ បានធ្វើឲ្យព្រះអង្គព្រួយបារម្មណ៍ជាខ្លាំង ហើយព្រះអង្គក៏បានលួចហៅអន្តរាគមន៍ទ័ពនៃវរសេនាធំស្វីសនិងអាល្លឺម៉ង់មកត្រៀមនៅក្បែរទីក្រុង Versailles។ ភ្លាមនោះមានពាក្យចចាមអារាមថា ទ័ពស្តេចបានត្រៀមចូលប៉ារីសចាប់ពួកសភា។ ដំណឹងនេះបានដុតកំហឹងប្រជាជនប៉ារីសកាន់តែក្តៅឡើង។ តាំងពីព្រឹកព្រលឹមថ្ងៃ១៤កក្កដា១៧៨៩ អ្នកស្រុកនាំគ្នាទៅយកអាវុធនៅវិមានInvalides ហើយដើរសំដៅទៅបន្ទាយBastilleយករំសេវទៀត។ ការតយុទ្ធបាញ់កាប់ចាក់គ្នាយ៉ាងកាចសាហាវមួយ បានប្រព្រឹត្តិទៅស្ទើរពេញមួយថ្ងៃ។ ដោយមានការចូលរួមពីកង័ពជាតិផង ចលនាបដិវត្តន៍ក៏ដណ្តើមកាន់កាប់បានទីលានបាស្ទីយជាស្ថាពរ។ នេះគ្រាន់តែជាថ្ងៃដំបូងនៃការក្រោកឡើងយ៉ាងខ្លាំងក្លាប្រឆាំងនឹងរបបសក្តិភូមិប៉ុណ្ណោះ ដែលអាចចាត់ទុកថាជាដើមចមនៃបដិវត្តន៍បារាំង សាធារណរដ្ឋទី៣៕