Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសហ្វីលីពីន នឹងបញ្ជូនអតីតប្រធានាធិបតី Fidel Ramos ទៅប្រទេសចិនដើម្បីពិភាក្សារឿង សមុទ្រចិនខាងត្បូង

14-07-2016 22:28

(ម៉ានីល)៖ ឆ្លើយតបនឹងកម្តៅការទូតកាន់តែខ្លាំងរវាងហ្វីលីពីន និងប្រទេសចិន ដែលបានកើតឡើង ក្រោយពីតុលាការ អន្តរជាតិឡាអេ បានកាត់សេចក្តី ឲ្យប្រទេសអាស៊ានមួយនេះឈ្នះក្តីលើចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងនោះ ប្រធានាធិបតថ្មីលោក Rodrigo Duterte បានប្រកាសថា លោកបានស្នើ អតីតប្រធានាធិបតីលោក Fidel Ramos រួចហើយ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងធ្វើការពិភាក្សាជាមួយប្រទេសចិនលើបញ្ហានេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦ ទៀតថា ចំណាត់ការភ្លាមៗ របស់ប្រធានាធិបតីហ្វីលីពីនថ្មីនេះ ក៏ព្រោះតែលោក ចង់ធានាឲ្យបាននូវដំណោះស្រាយជម្លោះផ្នែកនាវាចរ ប្រកបដោយសន្តិភាព តាមរយៈកិច្ចពិភាក្សាទ្វេ ភាគីជាមួយនឹងប្រទេសចិនតែម្តង។

ទោះបីជាបែបនេះក្តី លោក Duterte បានអះអាងថា «ខ្ញុំកំពុងរង់ចាំចម្លើយនៅឡើយពីលោក Ramos អំពីការធ្វើដំណើរ ទៅកាន់ប្រទេសចិន ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា»។ យ៉ាងណាក៏ដោយភាគីចិន ក៏តែងតែអះអាងជារឿយៗដែរថា ខ្លួនចង់បាន ការដោះស្រាយជម្លោះដោយសន្តិវិធី ជាមួយភាគីដែល ពាក់ព័ន្ធដោយផ្ទាល់តែប៉ុណ្ណោះ ដោយយោងលើការគោរព ភាពពិតនៃប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ៕