(ភ្នំពេញ)៖ សំណុំរឿងថ្មីមួយទៀតរបស់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងនៅកម្ពុជា នឹងត្រូវបើកសវនាការនៅ វេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ខាងមុខ នេះបើយោងតាមដីកាកោះហៅមកជំនុំជម្រះផ្ទាល់របស់តំណាង អយ្យការលោក សៀង សុខ ព្រះរាជអាជ្ញារង នៅសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបាន នៅថ្ងៃនេះ។
សំណុំរឿងដែលនឹងកោះហៅលោក សម រង្ស៊ី មកបើកសវនាការនេះគឺជា បណ្តឹងរបស់លោក សោម សឿន ប្តឹងលោក សម រង្ស៊ី ដែលបានបង្ហោះអត្តបទ ដែលមានខ្លឹមសារមួលបង្កាច់ខុសពីការពិត ដែលថាដើមបណ្តឹងបានណែនាំដល់មន្រ្តីរបស់ខ្លួន អ្នកគាំទ្រ និងបណ្តាញរួមបញ្ចូលទាំងមន្រ្តីរាជការស៊ីវិល ប៉ូលីស និងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយក្នុងគោលបំណង ផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសបុករបស់សម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយថា «Like» មួយចំនួនធំ ដែលបង្ហោះលើកទំព័រហ្វេសបុករបស់សម្តេច គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើឲ្យ បង្កើត Account Facebook ក្លែងក្លាយ ដើម្បីផ្តល់ Like សប្បនិម្មិតក្លែងបន្លំជូនសម្តេច។
នៅដីកាបានបញ្ជាក់ថា នេះជាបទល្មើស បរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦៕