(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល។
ការវាយតម្លៃបែបនេះ របស់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព»។ ពិធីនេះរៀបចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលការណ៍នេះតំណាងឱ្យស្មារតី និងទស្សនវិជ្ជាតែមួយរបស់កម្ពុជា។ សម្តេចមានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនា គឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញ ក្រោយជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើង ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការកសាងសន្តិភាពតំបន់ និងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃយ៉ាងដូច្នេះថា៖ «ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធោវាទរបស់ព្រះសម្មាសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សារភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃសន្តិភាពសម្រាប់មនុស្សជាតិទាំងមូល»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយគាំទ្រអស់ពីចិត្តចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការ ពុទ្ធសាសនិកពិភពលោក ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយអន្តរជំនឿបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង។
សម្តេចតេជោ ហ៊ុន សែន ក៏សូមយកឱកាសនេះកោតសរសើរចំពោះឥស្លាមសាសនា និងសាសនាផ្សេងដែលបាន រួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍកម្ពុជារយៈពេលកន្លងមក និងបច្ចុប្បន្ននេះ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ដោយសម្តែងនូវការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានការគាំទ្រពីវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងការលើកកម្ពស់ច្រករបៀងវប្បធម៌ សាសនា និងអរិយធម៌ដែលតភ្ជាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ តំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ជាច្រើនផ្សេងទៀត៕