(កំពង់ឆ្នាំង)៖ លោក សោម ភីរុណ ប្រធានរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសជលផល ជាបន្តបន្ទាប់ នៅលើផ្ទៃទឹកនៃបឹងទន្លេសាប ដោយធ្វើការរឹបអូស និងដកហូតបានឧបករណ៍នេសាទ ជាច្រើនយកទៅកម្ទេចចោល។

ប្រធានរដ្ឋបាលជលផលរូបនេះ បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងយើងបានចុះបង្រ្កាបបទល្មើសនេសាទ បានចំនួន៣៦ករណី ដែលនេះជាការខិតខំយ៉ាងខ្លាំងរបស់យើង ធ្វើយ៉ាងណាលុបបំបាត់ រាល់បទល្មើសដែលអាចកើតមានឡើង»

លោក សោម ភីរុណ បានបន្តថា សម្រាប់ឧបករណ៍នេសាទដែលត្រូវបានកម្លាំងរបស់លោក បង្ក្រាបបានមានដូចជាៈ របាំងស្បៃមុងចំនួន១២ករណី របាំងសាច់អួន១២ករណី របាំងកាត់ព្រែក១០ករណី និងរបាំងព្រួល២ករណី។

ជាមួយគ្នានេះ លោកប្រធានរដ្ឋបាលជលផល បានបញ្ជាក់ទៀតថា ក្រោមការបញ្ជាផ្ទាល់ពីអគ្គនាយករដ្ឋបាលជលផល និងអភិបាលខេត្តកំពង់ឆ្នាំងនោះ កម្លាំងរបស់លោក នឹងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបបទល្មើស នេសាទទាំងនេះ ខ្លាំងឡើងដូចភ្លៀងរលឹម៕