(បាត់ដំបង)៖ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារលោក ឡេង ប៉េងឡុង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ ដឹកនាំដោយលោក មាស វិរិទ្ធ សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិវត្តគរ និងច្រាបក្រសាំង អមដំណើរលោក ងិន ឃន អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងចុះជួបប្រធានក្រុមបក្ស និងបានចុះជួបប្រជាពលរដ្ឋដើម្បីពិនិត្យ ជំរុញ គាំទ្រ ដោះស្រាយសំណើសំណូមពរអភិវឌ្ឍមូលដ្ឋានឱ្យបន្តរីកចម្រើនទៅមុខបានឆាប់។

លោក មាស វិរិទ្ធ បានពាំនាំការសួរសុខទុក្ខពីសំណាក់ពីថ្នាក់ដឹកនាំគ្រប់ថ្នាក់ពិសេសលោក ឡេង ប៉េងឡុង ដែលជានិច្ចជាកាលតែងតែគិតគូរជួយអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនលើកកម្ពស់បាននូវជីវភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបសំណេះសំណាលជាមួយប្រធានក្រុមបក្សតាមបណ្តាភូមិ៦២ ទូទាំងក្រុងបាត់ដំបង ដឹកនាំដោយលោក ងិន ឃន អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង បានលើកយកពីការរំដោះសង្រ្គោះប្រជាពលរដ្ឋពីគ្រោះធំៗ៣ (វាលបី) របស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំ និងសង្គ្រោះប្រជាជនដូចខាងក្រោម៖

*ទី១៖ សង្រ្គោះជិវិតប្រជាពីរបបអាវខ្មៅខ្មែរក្រហម
*ទី២៖ បង្រួបបង្រួមជាតិសង្រ្គាមផ្ទៃក្នុងនាំសុខសន្តិភាពពេញលេញ
*ទី៣៖ សង្រ្គោះជីវិតប្រជាបានពីក្រញាំមច្ចុរាជជំងឺរាតត្បាតកូវីដ១៩ ហើយបណ្តាក្រុមបក្សទាំងអស់ប្តេជ្ញាអនុវត្តផែនការដែលបានដាក់ចុះ «សមាជិកម្នាក់ ជាសំលេងឆ្នោតគាំទ្រគណបក្សប្រជាជនមួយសន្លឹក»

លោក មាស វិរិទ្ធ បានបន្ថែមទៀតថា គ្រប់ក្រុមការងារគ្រប់ថ្នាក់ នៃសង្កាត់វត្តគរបានខិតខំសាមគ្គី រួមគ្នា គាំទ្រគ្នាទៅវិញទៅមក ចូលរួមចំណែកដើម្បីពិនិត្យ ជំរុញ គាំទ្រ និងដោះស្រាយការអភិវឌ្ឍមូលដ្ឋានសង្កាត់វត្តគរ ក្នុងស្មារតីតែមួយ គោលដៅរួមគឺដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តរក្សាបាននូវសន្តិភាព និងបន្តភាពសម្បូរសប្បាយជូន ប្រជាពលរដ្ឋបន្ថែមទៀត៕