(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អង្គការពុទ្ធសាសនិកពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ពុទ្ធសាសនាកម្ពុជា និងអន្តរជាតិមកពីគ្រប់និកាយ គប្បីរួមគ្នាជាមួយអង្គការយូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅរួម គឺសន្តិភាព និងស្ថិរភាព។

ការអំពាវនាវយ៉ាងដូច្នេះរបស់ម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឱ្យអង្គការពុទ្ធសាសនិកពិភពលោក ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងសហគមន៍ពុទ្ធសាសនាកម្ពុជា និងអន្តរជាតិមកពីគ្រប់និកាយធ្វើការរួមគ្នាជាមួយអង្គការយូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ដើម្បីលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមរបស់យើង គឺសន្តិភាព និងស្ថិរភាព»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសេរចំពោះសាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាដទៃទៀតដែលបានរួមចំណែកដល់ការកសាងសន្តិភាព រក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងមក និងពេលបច្ចុប្បន្ន។

សម្ដេចតេជោក៏បានគាំទ្រគំនិតផ្ដួចផ្ដើមរៀបចំពិធីរំឭកខួប៧៥ឆ្នាំ នៃការបង្កើតអង្គការពុទ្ធសាសនិកពិភពលោក ដែលគ្រោងប្រារព្ធឡើងនៅប្រទេសកម្ពុជា នាឆ្នាំ២០២៥ខាងមុខ៕