(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈយោគយល់គ្នា (MoU)ជាមួយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទទួលបណ្តុះបណ្តាលភាសា វប្បធម៌ចិនដល់និស្សិតកម្ពុជា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីក្រសួងទេសចរណ៍ សម្រាប់រយៈពេល៥ឆ្នាំ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយដៃគូការីទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ពីប្រទេសចិន និងក្នុងប្រទេសចិន សំដៅបង្កើនចំនួន និងទាក់ទាញទេសចរចិន កាន់តែច្រើនមកទស្សនាកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព និងកម្លាំងចលករទេសចរចិន និងពង្រឹងពង្រីកកំណើនទេសចរចិន។
លោក ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា «អនុស្សារណៈ នេះមានគោលបំណងសំខាន់៣គឺ១.ពង្រឹងនូវចំណងមិត្តភាព ឱ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ នូវវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ជាពិសេសវិស័យទេសចរណ៍, ២.ធ្វើការអប់រំបណ្តុះបណ្តាល និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងសេវាកម្មទាំងឡាយ ដែលជួយពង្រឹងដល់វិស័យទេសចរណ៍ នៅកម្ពុជា និងទី៣.ធ្វើឱ្យមានទំនាក់ទំនងកាន់ តែជិតស្និទ្ធរវាងប្រជាជនកម្ពុជាជាមួយ ប្រជាជនចិននៅគ្រប់ទីកន្លែងទាំងអស់ នៅលើពិភពលោក ដែលអនុស្សរណៈនេះមានតម្លៃ មហាសាលសម្រាប់វិទ្យាស្ថាន ដ៏មានសក្តានុពលនាពេលបច្ចុប្បន្ន»។
សូមជម្រាបថា ចាប់ពីឆ្នាំ២០១០មក វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីទាក់ទាញទេសចរចិន កាន់តែច្រើនមកទស្សនាកម្ពុជាដូចជា ការរៀបចំពិព័រណ៍ បាឋកថា សិក្ខាសាលា សន្និសីទអន្តរជាតិនៅ ក្នុងប្រទេសចិនស្តីពីតំបន់ទេសចរណ៍កម្ពុជា ហើយជាពិសេស គឺការបង្កើតជ្ឈមណ្ឌលភាសា វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យជីវជាំង ខេត្តជាំងស៊ី។ ក្រៅពីនេះ វិទ្យាស្ថានបានរួមចំណែកក្នុងការចងសម្ព័ន្ធភាព រវាងខេត្តសៀមរាបនិងខេត្តជាំងស៊ី និងរវាងខេត្តសៀមរាប និងខេត្តគួយចូវ បន្ថែមពីកម្មវិធីទិវាផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ក្នុងខេត្តសៀមរាប ជាទៀងទាត់រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១២មក៕