(ភ្នំពេញ)៖ ទង់ជាតិ គឺជា «ទង់» តំណាងឲ្យប្រទេសមួយ ដោយបញ្ជាក់អំពីអធិបតេយ្យ បូរណភាពទឹកដី ជាតិសាសន៍ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ដោយផ្សារភ្ជាប់តំាងពីដើមរៀងមក ដើម្បីឲ្យប្រជាជាតិនីមួយៗចងចំា និងការពារជាតិកំណើតរបស់ខ្លួន។
ព្រោះតែហេតុនេះទើបទង់ជាតិ មានតួនាទីតំណាងឲ្យជាតិ និងប្រាប់អំពីតម្លៃជាតិ។ ប៉ុន្ដែសព្វថ្ងៃនេះយើងសង្ខេតឃើញថា ការប្រើប្រាស់ទង់ជាតិហាក់មានលក្ខណៈយ៉ាងទូលំទូលាយ ពិសេសត្រូវបានគេយកមកគ្របសាកសព។ ត្រង់ចំណុចនេះ ត្រូវបានគេលើកជាចម្ងល់ថា តើគុណតម្លៃទង់ជាតិស្ថិតនៅត្រង់ណា?
ស្ថិតត្រង់ចម្ងល់នេះ លោក រត្ន័ សណ្ដាប់ អ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិ ទង់ជាតិ ភ្លេងជាតិ នគររាជ បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះថា ទង់ជាតិ គឺជា«ទង់» តំណាងឲ្យ «គុណ» ដូច្នេះការដែលយើងនំាគ្នាគោរពទង់ជាតិ គឺជាការគោរពដឹងគុណដល់បុព្វបុរស ដែលបានការពារដឹកដីពីជំនាន់មួយតមកជំនាន់មួយទៀត។
បើហេតុនេះ ដើម្បីបញ្ជាក់ពីការគោរពដឹងគុណ ត្រូវទាមទារនូវការប្រតិបត្ដិឲ្យមានលក្ខណៈជាការគោរពឲ្យបានហ្មត់ចត់ជាទីបំផុត ព្រោះតែហេតុនេះហើយទើបទង់ជាតិ ត្រូវបានគេយកមកកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ដែលជាការតម្រូវឲ្យជនគ្រប់ៗរូបត្រូវមានកាតព្វកិច្ចចងចំាជាតិឲ្យជាប់និងខ្លួន ប្រៀបដូចជាប្រទេសមួយត្រូវមានកងទ័ពការពារទឹកដីជាប្រចំាដូច្នោះដែរ។
ក្នុងន័យនេះ ទង់ជាតិត្រូវបានបញ្ជាក់ប្រាប់ជាការគោរពផងដែរ នៅពេលថ្នាក់ដឹកនំាប្រទេសមានគុណបំណាច់ជាតិស្លាប់ ឬប្រជាពលរដ្ឋមួយចំនួនណានោះត្រូវបានស្លាប់ដោយគ្រោះធម្មជាតិ ឬឧប្បត្ដិវហេតុផ្សេងៗ ត្រូវបានបង្ហូតពាក់កណ្ដាលដង ឬត្រឹម១ភាគ៣ គិតពីលើមក ដោយយោងទៅតាមការកំណត់របស់ច្បាប់ ព្រោះតែចង់បង្ហាញប្រាប់ក្នុងន័យគោរពដឹងគុណ ហើយជាសញ្ញាប្រាប់ថា ប្រទេសបានបាត់បង់អ្នកមានគុណបំណាច់សម្រាប់ជាតិយ៉ាងដូច្នេះដែរ។ ព្រមជាមួយគ្នានោះ ទង់ជាតិ ត្រូវបានផ្ដល់កិត្ដិយសទៅលើសាកសព ក្រាលនៅលើក្ដារម្ឈូសទៅលើជនណាដែលមានស្នាដៃបម្រើជាតិតែប៉ុណ្ណោះ។
ត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថា បើយោងទៅលើសម័យសង្គមរាស្រ្ដនិយមគឺហាមដាច់ខាត មិនត្រូវយកទង់ជាតិទៅគ្របលើក្ដារម្ឈូស គឺលើកលែងតែមានការអនុញ្ញាតជាផ្លូវការ ព្រះរាជក្រមលេខ២៤៤ន.ស.ចុះថ្ងៃទី១៣ មករា ១៩៥៩ បើពុំនោះទេនឹងត្រូវមានទោសតាមបញ្ញត្ដនៃមាត្រា៣ នៃព្រះរាជក្រមលេខ៤៧៣ន.ស.ចុះថ្ងៃទី២៩ តុលា ១៩៤៨។
ជាចុងបញ្ចប់លោក រត្ន័ សណ្ដាប់ បានសំណូមពរថា ដើម្បីឲ្យការប្រើប្រាស់ទង់ជាតិមានការឯកភាពគ្នា និងបង្ហាញពីការគោរពផងនោះ គួរមានច្បាប់ស្ដីពីការប្រើប្រាស់ទង់ជាតិ បើពុំដូច្នេះទេ អាចនំាឲ្យក្រុមមនុស្សខ្លះយកទង់ជាតិ ទៅប្រើដើម្បីបម្រើផលប្រយោជន៍ផ្សេងៗ ហើយអាចនឹងក្លាយជាទម្លាប់មិនល្អដល់សង្គមទៀតផង៕