(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ»។ ពិធីនេះនឹងរៀបចំធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ។
យោងទៅតាមព័ត៌មាន បានឱ្យដឹងថា គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ដែលសម្តេចតេជោទទួលបាននេះ ត្រូវបានផ្តល់ជូនដោយអង្គការពុទ្ធសាសនិកពិភពលោក តំណាងឱ្យប្រទេសចំនួន៥៥ នៃអ្នកគោរពព្រះពុទ្ធសាសនា។ ការផ្តល់នូវគោរមងារកិត្តិយសនេះ គឺជាការទទួលស្គាល់ដើម្បីទទួលស្គាល់ការលះបង់ពេញមួយជីវិតរបស់សម្តេចតេជោចំពោះសន្តិភាព និងព្រះពុទ្ធសាសនា។
អង្គការពុទ្ធសាសនិកពិភពលោក បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។
អង្គការពុទ្ធសាសនិកពិភពលោក បានគូសរំលេចថា ជាមួយការរស់ឡើងវិញនៃការគោរពប្រតិបត្តិព្រះពុទ្ធសាសនានៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា តាមការទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ានការកសាងប្រទេសជាតិ និងតាមរយៈនយោបាយឈ្នះ-ឈ្នះ។ បន្ថែមពីលើនោះ សម្តេចតេជោ បាននាំមកជូនប្រជាជនវិញនូវភាពសម្បូរសប្បាយ ក្នុងសុខសន្តិភាពពេញលេញ ភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។
ដោយឡែកសញ្ញាបត្របណ្ឌិតកិត្តិយស «មនុស្សសាស្ត្រ» ដែលផ្តល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ ត្រូវបានផ្តល់ជូនដោយសាកលវិទ្យាល័យណេហ្គរី ប៉ាដាង របស់ប្រទេសឥណ្ឌូនេស៊ី។
ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ» នេះ ដើម្បីជានិមិត្តរូបនៃការសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពកោតសរសើរចំពោះសម្តេចតេជោ ដែលបានយកចិត្តទុកដាក់ខ្ពស់លើបការង្កើតបរិយាបន្នសង្គម សន្តិភាព និងការរួមចំណែកផ្តល់ការគាំទ្រដ៏មានតម្លៃចំពោះក្រុមមូស្លីមនៅកម្ពុជា តាមរយៈការលើកកម្ពស់ការគោរព និងការពារសិទ្ធិសេរីភាពនៃជំនឿសាសនា និងការលើកកម្ពស់គុណតម្លៃនៃសន្តិភាព និងការភាពអត់ឱនរវាងក្រុមសាសនាផ្សេងគ្នានៅកម្ពុជា។
សាកលវិទ្យាល័យ បានទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយសម្តេចតេជោ ដែលសមស្របទៅនឹងគុណតម្លៃអប់រំរបស់សាកលវិទ្យាល័យ និងជាគំរូដ៏ពិសេមួយ។ សាកលវិទ្យាល័យជឿជាក់យ៉ាងមុតមាំថា ស្មារតី ជំហាន និងកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ នឹងចូលរួមចំណែកលើកទឹកចិត្ត និងបង្កើតនូវឥទ្ធិពលវិជ្ជមានកាន់តែខ្លាំងក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេក្នុងសាកលវិទ្យាល័យណេហ្គរី ប៉ាដាង។
ក្រុមប្រឹក្សាផ្នែកសិក្សាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង បានគូសបញ្ជាក់ថា ការ ផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូនសម្តេចតេជោ ហ៊ុន សែន ដោយយោងទៅលើហេតុផលមួយចំនួនដូចខាងក្រោម៖
១៖ សម្តេចតេជោ ហ៊ុន សែន បានលះបង់ពេញមួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីយុគសម័យដ៏ខ្មៅងងឹតក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដោយសម្រេចបាននូវសន្តិភាព និងការបង្រួបបង្រួមជាតិធានាបាននូវការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅកម្ពុជា និងបានលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា ត្រឡប់ទៅកាន់ឆាកសាកលលោកវិញ។
សម្តេចតេជោ បានធ្វើឱ្យមាននូវការស្តារឡើងវិញនូវរបបរាជានិយមនៅកម្ពុជា ប្រកបដោយជោគជ័យ និងការរស់រានមានជីវិតឡើងវិញនៃព្រះពុទ្ធសាសនារួមជាមួយកម្មវិធីកសាងស្តារប្រទេសជាតិយ៉ាងមមាញឹក ដូចជាការស្តារ និងកសាងប្រទេសឡើងវិញក្រោយសង្គ្រាម និងសមាហរណកម្មប្រទេសជាតិចូលទៅក្នុងតំបន់ និងសកលលោក និងបានអនុញ្ញាតឱ្យទទួលបាននូវសេរីភាពគ្រប់បែបយ៉ាង និងតម្លៃប្រជាធិបតេយ្យរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជោ គឺពិតជាមានពន្លឺភ្លឺស្វាង និងបានផ្តល់ទុកជាមេរៀន នៃភាពជាអ្នកដឹកនាំក្នុងការកសាងនូវសន្តិភាពឡើងវិញ។
២៖ តាមរយៈនៃការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចបានពង្រឹងអភិបាលកិច្ចតាមរយៈនៃការធ្វើកំណែទម្រង់ប្រកបដោយជោគជ័យ និងផ្លែផ្កាជាច្រើនជាមួយនោះ សម្តេចបានផ្តល់ជាកម្លាំងចលកថ្មី ដល់គោលនយោបាយលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌សង្គម និងសេដ្ឋកិច្ចដោយទទួលបានឱកាសស្មើភាពគ្នាសម្រាប់ប្រជាជនកម្ពុជា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ សម្តេចតេជោបានបង្ហាញឱ្យឃើញថា សន្តិភាពអាចសម្រេចទៅបានគឺតាមរយៈនៃមធ្យោបាយសន្តិវិធីដូចជាការចរចាដោយបើកចំហរួមបញ្ចូល និងគោលនយោបាយឈ្នះ-ឈ្នះ និងតាមរយៈនៃភាពជាម្ចាស់នៃបញ្ហា និងស្វែងរកដំណោះស្រាយជាតិដោយខ្លួនឯង។ ជាលទ្ធផលប្រទេសកម្ពុជា មិនត្រឹមតែត្រូវបានគេស្គាល់ថាជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេប៉ុន្តែថែមទាំងត្រូវបានគេដាក់ឈ្មោះថា «ប្រទេសតូចដែលមានបេះដូងធំទូលាយ» ទៀតផង។
៣៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ដែលរួមមានដូចជា៖ ក) ការយកចិត្តទុកដាក់ជាអាទិភាពចំពោះជនជាតិភាគតិចនៅកម្ពុជា, ខ)ការលើកកម្ពស់ការអត់ឱនអធ្យាស្រ័យឱ្យគ្នានៅក្នុងជំនឿសាសនា និងគ) គោលនយោបាយស្តីពី សេរីភាព នៃជំនឿសាសនា
៤៖ ផ្អែកលើការធ្វើអភិបាលកិច្ច និងផ្អែកលើការសិក្សាផងនោះអាចយល់បានថា សម្តេចតេជោ ហ៊ុន សែន បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដូចមានចែងក្នុងបទបញ្ជាប្រកាសក្រសួងស្តីពីការស្រាវជ្រាវ, បច្ចេកវិទ្យា និងឧត្តមសិក្សា លេខ៖ ៦៥ ឆ្នាំ២០១៦ ស្តីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទប្បញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យរដ្ឋប៉ាដាង លេខ៖ ៣ ឆ្នាំ២០១៧ ទាក់ទងទៅនឹងនីតិវិធី ស្តីពីការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស (Doctor Honoris Causa) នៅសាកលវិទ្យាល័យរដ្ឋប៉ាដាង។
* អត្ថន័យនៃគោរមងារ «ពុទ្ធមាមកាភិបាល»៖
«ពុទ្ធមាមកាភិបាល» គឺជាគោរមងារ ដែលត្រូវបានផ្តល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងថ្នាក់ដឹកនាំពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រងថែរក្សា គោរពប្រតិបត្តិ ឧបត្ថម្ភទ្រទ្រង់ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ប្រកបដោយសទ្ធាជ្រះថ្លា ខ្ពង់ខ្ពស់ និងឧត្តុង្គឧត្តម តាមរយៈសកម្មភាពព្រះពុទ្ធសាសនា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពិភពលោក។
«ព្រះរាជពុទ្ធមាមកាភិបាល» គឺជាគោរមងារសម្រាប់ថ្វាយព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹង «ពុទ្ធមាមកាភិបាល» ដែលប្រើប្រាស់សម្រាប់ថ្នាក់ដឹកនាំក្នុងអាណាចក្រ។
មកទល់បច្ចុប្បន្ន គោរមងារនេះ ធ្លាប់បានថ្វាយ និងប្រគេនជូនសម្តេចព្រះសង្ឃរាជ ព្រះមហាថេរ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសកាន់ព្រះពុទ្ធសាសនាចំនួន៨អង្គ/រូបរួមមាន៖
១៖ សម្តេចសង្ឃរាជនៃព្រះរាជាណាចក្រថៃ
២៖ ព្រះមហាថេរ មហានាយកនៃសាធារណរដ្ឋស្រីលង្កា
៣៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ
៤៖ ប្រធានាធិបតីនៃប្រទេសនេប៉ាល់
៥៖ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា
៦៖ ប្រធានាធិបតីនៃសាធារណរដ្ឋស្រីលង្កា
៧៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
៨៖ ប្រធានសហព័ន្ធពុទ្ធសាសនិកជប៉ុន