(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅរសៀវថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានលើកឡើងពីទិសដៅសំខាន់មួយថា ក្រសួងទេសចរណ៍ ត្រូវការមគ្គុទេសក៍ទេសចរណ៍ ដែលជាអ្នកបកប្រែភាសា និងនាំភ្ញៀវបរទេសចំនួន១ម៉ឺននាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកំណើន ភ្ញៀវទេសចរជាក់ស្ដែងនាឆ្នាំ២០២០ខាងមុខ ខណៈដែលបច្ចុប្បន្នមគ្គុទេសក៍ទេសចរណ៍ មានចំនួន៤ពាន់នាក់ហើយ ក្នុងនោះមគ្គុទេសក៍ទេសចរណ៍និយាយភាសាចិន មានចំនួន៥០០នាក់។

ថ្លែងប្រាក់ក្រុមអ្នកសារព័ត៌មាន នាឱកាសសន្និបាតបូកសរុប ការងារទេសចរណ៍ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ ឆ្នាំ២០១៧ លោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា ការងារចាំបាច់ជាច្រើន ដែលកម្ពុជាត្រូវត្រៀមខ្លួន ទទួលកំណើនភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិន ដូចជាការរៀបចំទីក្រុង China Town ហាងទំនិញ សណ្ឋាគារ សម្រាប់ទទួលពួកគាត់ ប្រកបដោយភាពកក់ក្ដៅ និងប្រកបដោយការជឿទុកចិត្ត។

លោករដ្ឋមន្រ្តី ក៏បានគាំទ្រដល់វិទ្យាស្ថាន សាលារៀនទាំងឡាយណា ដែលមានទទួលបណ្ដុះបណ្ដាលភាសាចិន ដែលក្នុងនោះ ក៏មានវិទ្យាស្ថានខុងជឺ និងសាលាទួនហ្វាផងដែរ ហើយក្រសួងក៏បាននិងជំរុញលើកទឹកចិត្ត ដល់អ្នកដែលចេះភាសាចិន និងបានរៀបចំការប្រឡងនិយាយភាសាចិន។

រដ្ឋមន្រ្តីបានបន្ថែមថា «ចំពោះភ្ញៀវទេសចរចិន កម្ពុជាបានធ្វើការផ្សព្វផ្សាយ ដល់ពួកគេបានច្រើនហើយ តែបញ្ហាមួយទៀត ដែលយើងត្រូវរៀបចំសម្រាប់ពួកគេ គឺការដាក់បញ្ចូលភាសាចិន ទៅក្នុងប្រព័ន្ធប្រើប្រាស់ទូរស័ព្ទ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការស្វែងរកតំបន់ទេសចរណ៍ ក៏ដូចជាទិសដៅចង្អុលបង្ហាញផ្សេងៗ ហើយក្រៅពីនេះ ក្រសួងទេសចរណ៍ បានសម្រេចក្នុងការបង្កើតប្រព័ន្ធ វេបសាយជាភាសាចិនផងដែរ»។

ទោះជាយ៉ាងណា លោក ថោង ខុន ក៏សុំអំពាវនាវទៅគ្រប់ភាគីពាក់ព័ន្ធនានា នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ត្រូវរៀបចំសេវាអ៊ីធឺរណេត (WIFI) ឱ្យបានល្អប្រសើរ និងលឿនឆាប់រហ័ស ដើម្បីបម្រើសេវាដល់ភ្ញៀវទេសចរទាំងឡាយ ក្នុងស្វែងរកតម្រូវការផ្សេងៗ។

សូមជម្រាបថា ក្នុងឱកាសសន្និបាតបូកសរុបការងារខាងលើ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានចូលរួមបំពាក់គ្រឿង ឥស្សរិយយស និងមេដាយជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ចំនួន៧៩រូប ដែលមានស្នាដៃល្អ និងបានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ នាពេលកន្លងមក៕