(ភ្នំពេញ)៖ លោក អៀ ចាន់ណា អតីតសកម្មជនរបស់ក្រុមប្រឆាំង នៅយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញវីដេអូថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអន្តរាគមន៍ដើម្បីធានាឱ្យលោក បាននៅក្រៅឃុំជាបណ្តោះអាសន្ន។
តាមវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក អៀ ចាន់ណា បានសម្តែងនូវភាពសប្បាយរីករាយដោយបានជួបជាមួយនឹងសាច់ញាតិបងប្អូន និងក្រុមគ្រួសារ បន្ទាប់ពីបាននៅក្រៅឃុំ។ លោកបានជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យមានសុខភាពល្អ រឹងមាំ និងទទួលជោគជ័យគ្រប់ភារកិច្ច។
លោក អៀ ចាន់ណា ដែលជាតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ដែលប្រព្រឹត្តឡើងកាលពីឆ្នាំ២០២០។
អំឡុងជាប់ពន្ធនាការ លោក អៀ ចាន់ណា បានសុំការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ចំពោះកំហុសឆ្គងកន្លងមក ហើយនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក៏ទទួលយក និងស្នើរដ្ឋមន្ត្រីយុត្តិធម៌ ធានាឱ្យបាននៅក្រៅឃុំបណ្តោះអាសន្នផងដែរ៕