(បាងកក-ប្រទេសថៃ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតគណៈកម្មាធិការរួមសម្រាប់ កិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ នៅទីក្រុងបាងកក ប្រទេសថៃ។
សហដឹកនាំនៃកិច្ចប្រជុំ រួមមាន លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនថៃ និង លោក Hideaki Iwasaki នាយកផ្នែកដឹកជញ្ជូន និងគមនាគមន៍ តំបន់អាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី និងចូលរួមដោយ បណ្តារដ្ឋមន្រ្តីដឹកជញ្ជូន នៃមហាអនុតំបន់មេគង្គ និងតំណាងមកពីប្រទេស កម្ពុជា ឡាវ ភូមា ថៃ វៀតណាម និងចិន។
បន្ទាប់ពីការចូលជាធរមាន នូវកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) នៅឆ្នាំ២០១៥, រដ្ឋមន្រ្តីបានធ្វើការពិភាក្សាលើបែបបទសម្រាប់អនុវត្តឱ្យបានពេញលេញ រួមមាន៖ ១. ការផ្តល់ និងចេញលិខិតអនុញ្ញាត ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ទៅឱ្យប្រតិបត្តិករឆ្លងដែន ដែលជាវិធានការ/បទបញ្ញត្តិបន្ទាន់ សម្រាប់អនុវត្ត CBTA ២. ការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិ នៃមាត្រា CBTA និងទិសដៅទៅខាងមុខ រាប់បញ្ចូលទាំង ថាតើធ្វើដូចម្តេច ដើម្បីធានាថា CBTA ជាកិច្ចព្រមព្រៀងមួយ ដែលមានសារៈសំខាន់ និង៣.ពេលវេលាជាក់លាក់សម្រាប់ ការអនុវត្ត CBTA ឱ្យ បានពេញលេញ។
រដ្ឋមន្ត្រីបានពិភាក្សាលើបច្ចុប្បន្នភាព និងប្រព្រឹត្តិកម្ម នៃការផ្តួចផ្តើមអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន (IICBTAs) និងពិចារណា ថាតើ ១.កូតាបច្ចុប្បន្នដែលនៅក្រោមពិធីសារទី ៣ នៃ CBTA អាចគ្រប់គ្រាន់សម្រាប់ ដាក់បញ្ចូល IICBTAs ទៅក្នុងកិច្ចព្រមព្រៀងដើម CBTA និង ២.លទ្ធភាពនៃការផ្តាច់ចេញ ជាផ្លូវច្បាប់ IICBTAs ចេញពី CBTA ។
រដ្ឋមន្រ្តីក៏បានពិភាក្សាផងដែរ លើការអភិវឌ្ឍថ្មីៗ នូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូន និងលទ្ធភាពបង្កើតយុទ្ធសាស្រ្ត ដឹកជញ្ជូនពហុបំណង មហាអនុតំបន់មេគង្គ៕