(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងប្រតិបត្តិការ២ថ្ងៃនេះ បានឃាត់ខ្លួនជនបរទេសបាន១០នាក់ និង២សញ្ជាតិ ដែលបានចូលមករស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្រោយពីមានកិច្ចសហការជាមួយ កម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនបរទេស៤នាក់ ក្នុងនោះជនជាតិវៀតណាម៣នាក់ និងជនជាតិអង់គ្លេសម្នាក់ ដែលបានចូលមកស្នាក់នៅ និងធ្វើការងារខុសច្បាប់ នៅខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ បន្ដថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លូន ជនជាតិវៀតណាម៦នាក់ ស្រីម្នាក់ ស្ថិតនៅភូមិពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទលួចឆ្លងដែនស្នាក់នៅ គ្មានលិខិតឆ្លងដែន ព្រមទាំងធ្វើការងារដោយខុសច្បាប់។
សម្រាប់ការចុះចាប់ជនជាតិវៀតណាម នៅខណ្ឌច្បារអំពៅខាងលើនេះ ត្រូវបានអាជ្ញាធរមូលដ្ឋាន ប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុខ ថា ហើយបានសាងសង់សំណង់ដោយគ្មានច្បាប់ទម្លាប់នោះទេ ព្រមទាំងនាំជនជាតិវៀតណាម មកធ្វើការដោយគ្មានច្បាប់ទម្លាប់ឡើយ។
ក្រោយពីធ្វើការឃាត់ខ្លូន ជនបរទេសទាំងនោះ ត្រូវបាននាំខ្លួនមកអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕