(ភ្នំពេញ)៖ សពលោក បណ្ឌិត កែម ឡី នឹងដង្ហែរទៅកាន់ខេត្តតាកែវនៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដោយមានក្បួនរថយន្ត និងថ្មើរជើង តាមផ្លូវសំខាន់ៗមួយចំនួន។ចំណែក ពិធីបុណ្យ៧ថ្ងៃ នឹងធ្វើនៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០១៦។ នេះបើយោងតាម Facebook Page របស់លោក កែម ឡី ដែលបានផ្សព្វផ្សាយឲ្យដឹងនៅមុននេះបន្តិច។
Facebook Page ផ្លូវការរបស់លោក កែម ឡី បានបង្ហោះឲ្យដឹងថា «ពិធីបុណ្យ៧ថ្ងៃ នឹងធ្វើនៅថ្ងៃសុក្រទី១៥ ខែកក្កដា ឆ្នាំ២០១៦។ កម្មវិធីលំអិតនឹង ជម្រាបជូននៅពេលក្រោយ។កម្មវិធីដង្ហែរសព៖ សពនឹងដង្ហែរទៅកាន់ខេត្តតាកែវនៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០១៦។ ក្បួននឹងចេញដំណើរចេញ ពីវត្តចាស់ម៉ោង៧ ព្រឹក ដោយក្បួនរថយន្ត និងថ្មើរជើង តាមផ្លូវមុន្នីវង្ស-សហព័ន្ឋរុស្សី-ដល់រង្វង់ មូលចោមចៅ ទើបបន្ថែមល្បឿនយានយន្ត ដំណើរឆ្ពោះទៅខេត្តតាកែវតាមផ្លូវជាតិលេខ៣។ លុះដល់អង្គតាសោម ក្បួនហែរនឹងបន្ថយល្បឿនដោយដំណើរយឺត នឹងថ្មើរជើងវិញរហូត ដល់គោលដៅ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ»។
គួរបញ្ជាក់ថា នៅក្នុងពិធីបុណ្យសពនោះក៏មាន ព្រះសង្ឃនៅក្រៅប្រទេសមួយព្រះអង្គ បានឧបត្ថម្ភគ្រែទឹកកក ជូនដល់គ្រួសារសព ដើម្បីទុករក្សាសាកសព លោក កែម ឡី ផងដែរ។
កន្លងមកគ្រួសារលោក កែម ឡី នៅមិនទាន់ច្បាស់ថា នឹងបញ្ចុះថ្ងៃណាឡើយ។ ប៉ុន្តែអ្នកគាំទ្រលោក កែម ឡី នៅតែទទូចស្នើសុំឲ្យគ្រួសារសព បន្តរក្សាសាកសព លោក កែម ឡី ទៀត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ អាចមកអុកធូប និងគោរពវិញ្ញាណក្ខន្ធបានក្នុងរយៈពេលយូរទៀត៕