(ភ្នំពេញ)៖ លោក សរ សេរីវិចិត្រ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេខាងលិច សហរដ្ឋអាមេរិក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំសប្បុរសជន ទាំងក្នុងប្រទេស និងក្រៅប្រទេស នាយកអំណោយរួមទាំងថវិកាសរុបជិត២ម៉ឺនដុល្លារ តាមរយៈកម្មវិធីប្រមូលមូលនិធិចែករំលែកក្តីស្រលាញ់ក្រោមម្លប់សន្តិភាព ដែលរៀបចំឡើងដោយលោកស្រី ប៉ាង វណ្ណេសា ប្រជាជនខ្មែររស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ចុះសួរសុខទុក្ខ និងចែកជូនក្មេងតូចៗ ដែលជាកុមារពិការស្វិតដៃជើង និងក្មេងៗ ដែលមានសតិមិនគ្រប់គ្រាន់ កំពុងរស់នៅក្នុងមជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» ដែលមានទីទាំងស្ថិតតាមបណ្តោយផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូនមជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» រួមមាន៖ ជួយសាងសង់បន្ទប់បន្ថែមមួយបន្ទប់, គ្រែគេងអ៉ីណុងសម្រាប់ក្មេង ១០គ្រែ, រទេះសម្រាប់ក្មេងពិកា ១០រទេះ, សម្ភារប្រើប្រាស់ក្នុងមជ្ឈមណ្ឌលមួយចំនួន, ឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ៨៣នាក់ ក្នុងម្នាក់ៗ ៥០$ និងការចំណាយផ្សេងទៀត រួមទាំងថវិកា ៤,៦៨៦$ ដែលសរុបជាថវិកាចំនួន ១៩,៨៩០ដុល្លារសហរដ្ឋអាមេរិក។
សូមជម្រាបដែរថា មជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» គឺជាកន្លែងសម្រាប់មើលថែទាំក្មេងៗ ទាំងការរស់នៅ ហូបចុក និងការមើលថែទាំងជម្ងឺផ្សេងៗ ដល់កុមារតូចៗ ដែលសុទ្ធសឹងជាកុមារដែលជាក្មេងអាណាថា បាត់បង់អាណាព្យាបាល ឬពិការភាពស្វិតដៃជើងជាដើម ដែលជាទីតាំងទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់នាយដ្ឋានសុខុមាលភាពកុមារ នៃអគ្គនាយកដ្ឋានបច្ចេកទេសរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
មជ្ឈមណ្ឌល «បុរីទារក និងកុមារជាតិ» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដែលកាលពីកំឡុងនោះ គេហៅថា «មជ្ឈមណ្ឌលសង្គ្រោះទារក» លុះមកទល់នឹងឆ្នាំ២០០៨ ទើបសម្រេចប្តូរមកថា «បុរីទារក និងកុមារជាតិ» ជំនួសវិញផងដែរ៕