(បន្ទាយមានជ័យ)៖ ទំនាស់ដីធ្លីដ៏រ៉ាំរៃជាង១៨ឆ្នាំ ត្រូវបានលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ដឹកនាំក្រុមការងារសហការជាមួយនឹងអាជ្ញាធរ ខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការសម្របសម្រួលបញ្ចប់វិវាទក្រោម គោលនយោបាយឈ្នះ-ឈ្នះ។
ជាក់ស្ដែងចុងសប្តាហ៍កន្លេងទៅនេះ នៅសាលាក្រុងប៉ោយប៉ែត បានបើកកិច្ចប្រជុំរកដំណោះស្រាយលើករណវិវាទឈ្មោះ លី ម៉ារី ជាមួយប្រជាពលរដ្ឋ១៣ គ្រួសារ ដែលមានទីតាំងវិវាទ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន់ ខែមប៊ុនថន និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ញឹម ផឿង អភិបាលរងក្រុង តំណាងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។
ជាលទ្ធផលភាគីឈ្មោះ លី ម៉ារី ព្រមប្រគល់ដីក្នុងម្នាក់ទទួលបានដីទំហំ៤ម៉ែត្រ គុណ២០ម៉ែត្រ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចាក់បំពេញអាចម៍ដី ជូនប្រជាពលរដ្ឋ ភាគីប្រជាពលរដ្ឋព្រមទទួលយក ហើយភាគីប្រជាពលរដ្ឋទាំង១៣គ្រួសារព្រមរុះរើសំណង់ការចេញពីទីតាំងដីទំនាស់៕