(ស្វាយរៀង)៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង ២,៧០៧ម៉ែត្រ ស្ថិតនៅភូមិពភ្លា និងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង, ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត សមាជិកក្រុម ពប្រឹក្សាក្រុង លោកអភិបាល អភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលសាលាក្រុង កងកម្លាំងទាំង៣ និងសមាជិកក្រុមប្រឹក្សាសង្កាត់សង្ឃ័រ ព្រះសង្ឃ លោកស្រី ជាថ្នាក់ដឹកនាំភូមិ ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើន រូបទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ផ្លូវបេតុងមួយខ្សែ១ខ្សែ មានប្រវែង២,៧០៧ម៉ែត្រ ដែលយើងបានសំណេះសំណាល បើកការដ្ឋាននៅភូមិពភ្លា និងភូមិអកនាគ សង្កាត់សង្ឃ័រនៅពេលនេះ គឺបានឆ្លើយតបទៅ និងតម្រូវការចាំបាច់ចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវនេះក្នុងការប្រកបមុខរបរប្រចាំថ្ងៃ»។
លោក ម៉ែន វិបុល បានបន្ថែមថា សមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងៗទៀត ដែលបានលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាមនុញ្ញផល នៃគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់សង្ឃ័រ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងមក ដែលនេះ គឺពិតជាសរបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋមានការជឿជាក់ថាមានតែគណបក្សប្រជាជនកម្ពុជា និងមានតែសម្ដេចតេជោ ប៉ុណ្ណោះដែលនៅកៀក រួមសុខរួមទុក្ខ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហើយសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតគាំទ្រគណបក្សក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំប្រទេសជាតិ ក៏ដូចជាមូលដ្ឋានឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានផ្ដល់អំណោយជូនប្រជាពលរដ្ឋចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រម៉ា១ និងថវិកា ២០,០០០រៀល។ ប្រជាការពារកម្លាំងសមត្ថកិច្ច និងក្រុមការងារជាងស្ថាបនាផ្លូវ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល ផងដែរ៕