(វៀងច័ន្ទ-ឡាវ)៖ ផែនការអាជីវកម្ម ត្រូវបានសហគ្រិនភាគច្រើន ស្គាល់ពីសារៈសំខាន់ និងតែងរៀបចំមុន និងពេលប្រកបអាជីវកម្ម។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ជាពិសេសលើកកម្ពស់ការបណ្តុះបណ្តាល សហគ្រាសខ្នាតតូច និងមធ្យម វិទ្យាស្ថានសហប្រតិបត្តិធនធានមនុស្សឡាវ-ជប៉ុន បានផ្តួចផ្តើមការប្រកួតប្រជែង លើផែនការ អាជីវកម្មថ្នាក់តំបន់លើកដំបូង ដែលមានប្រទេសចំនួន៣ គឺកម្ពុជា, ថៃ និងឡាវ ចែកជា១២ក្រុម ដែលឆ្លងកាត់ការជ្រើសរើស និងបណ្តុះបណ្តាល តាមបណ្តាលប្រទេសនីមួយៗ។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦ ជាលទ្ធផលប្រទេសកម្ពុជា បានទទួលជយលាភីពានថ្នាក់លេខ១ និងថ្នាក់លេខ២ ចំពោះជ័យលាភីថ្នាក់លេខ៣ គឺបានទៅលើប្រទេសថៃ។
រំលឹកពីថ្ងៃប្រកួតប្រជែងកាលពីម្សិលមិញ រយៈពេល ១២ម៉ោងនាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ គណៈកម្មាធិការដែលមាន តំណាងប្រទេសកម្ពុជា១រូប, ប្រទេសថៃ ១រូប, ប្រទេសឡាវ១រូប, តំណាង JETRO ១រូប, តំណាងគម្រោង JICA ប្រទេសជប៉ុន ១រូប បានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ សុក្រឹតភាព យុត្តិធម៌ និងបានផ្តល់យោបល់ដ៏មានតម្លៃដែលជាធាតុចូលសម្រាប់ក្រុមនីមួយៗ កែលម្អនូវចំណុចខ្វះខាត និងលើកទឹកចិត្តដល់ក្រុមទាំងអស់ចូលរួម ក្នុងអាជីវកម្មនាពេលបច្ចុប្បន្ន និងអនាគតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតំបន់ និងសហប្រតិបត្តិការអន្តរជាតិ ក្រោមស្មារតីសហការគ្នា ទោះបីជាមកពីប្រទេសផ្សេងៗ គ្នាប៉ុន្តែស្ថិតក្នុងតំបន់តែមួយ។
ក្រោមការវាយតម្លៃប្រកបដោយជំនាញ របស់គណៈកម្មាធិការ ដែលមានប្រវត្តិចេញពីម្ចាស់អាជីវកម្ម ធនាគារ ជំនាញការ និងអ្នកបច្ចេកទេសបណ្តុះបណ្តាល អាជីវកម្មបានសម្រេចប្រគល់ជ័យលាភីចំណាត់ថ្នាក់ ពានលេខ១ ជូនក្រុមក្រុមប្រទេសកម្ពុជាឈ្មោះថា Healthogo ដែលមានលោក សាំង តារារស្មី ដែលលោកមានបទពិសោធន៍ លើវិស័យសុខាភិបាល ហើយក្នុងផែនការអាជីវកម្មនេះ លោកបានរៀបចំជាកម្មវិធី APP សម្រាប់ដោះស្រាយបញ្ហាលើតម្រូវសេវាសុខាភិបាល ខាងក្នុងនិងក្រៅប្រទេស។
ចំណែកចំណាត់ថ្នាក់ពានលេខ២ ជូនក្រុមប្រទេសកម្ពុជាឈ្មោះថា Fast Pay Cambodia ដែលមានលោក ងន់ ម័រ និងលោក ម៉េង ហាន់ ដែលលោកទាំងពីរ មានបទពិសោធន៍លើ វិស័យព័ត៌មានវិទ្យាជាច្រើនឆ្នាំ ដែលមានគំនិតផ្តួចផ្តើម បង្កើតប្រព័ន្ធទូទាត់ E-payment នៅកម្ពុជាដោយសាកល្បងរៀបចំនៅទីធ្លាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនគេសម្រាប់កន្លែងចំណត អាហារដ្ឋាន និងបណ្ណាល័យ ទោះបីសេវាកម្មនេះត្រូវបានប្រទេសជាច្រើន បានប្រើប្រាស់រួចហើយក្តី ប៉ុន្តែសេវាកម្មនេះប្រាកដជាមានអត្ថប្រយោជន៍ជំរុញ វិស័យពាណិជ្ជកម្មតាមរយៈ អេឡិចត្រូនិចនាពេលអនាគត។
ដោយឡែកចំពោះចំណាត់ថ្នាក់ពានលេខ៣ ជូនក្រុម ELECTRIFYING RURAL MYANMAR ដែលមានលោក Vinodh Gopal ប្រទេសថៃ ក្នុងផែនការអាជីវកម្មនេះលោកចង់ផ្គត់ផ្គង់អគ្គីសនី នៅជនបទក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រោមការខិតខំជាច្រើនខែ ក្នុងការបណ្តុះបណ្តាលរបស់វាគ្មិន និងគ្រូឧទ្ទិសនាមរបស់កម្ពុជា មានដូចជាលោក សោម សម្បត្តិ អគ្គនាយក Campaint លោក យន ម៉ាលឹមឆេង មន្រ្តីជំនាញ ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការដំណាងប្រទេសកម្ពុជា លោក ឌិន សុមេធារិទ្ធ ប្រធានក្រុមហ៊ុន Frangipani Villa Hotel Group អ្នកដឹកនាំឈ្មោះ អៀង សុវត្ថិ និង Ms. Nadamoto ដែលអញ្ជើញមកពី Cambodia-Japan Cooperation Center ដែលស្ថិតក្រោមសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រសួងអប់រំយុវជន និងកីឡា។
សិស្ស និស្សិត អាចចូលរួមប្រកួតប្រជែងកម្មវិធីនេះ នៅឆ្នាំក្រោយៗ ដោយអញ្ជើញមកទាក់ទងនៅ CJCC ដើម្បីទទួលការបណ្តុះបណ្តាល, ប្រកួតប្រជែងដើម្បីមោទនភាពជាតិ និងក្លាយជាសហគ្រិនសម្រាប់កម្ពុជានាពេលអនាគត៕