(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីពិធីប្រកាសបញ្ចូល សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន៥,០០០នាក់ របស់គណៈកម្មាធិការគណបក្សសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិកាគណបក្សខណ្ឌកំបូល បានធ្វើរបាយការណ៍អំពីការងារកសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង។ លោកបានលើកឡើងពីការប្តេជ្ញាចិត្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅ២០២៣ខាងមុខ ឲ្យទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននិងកំពុងលើកទឹកចិត្តអ្នកវិនិយោគទុនជាតិ និងអន្តរជាតិ សំដៅបង្កើនការងារក្នុង និងក្រៅប្រទេស របស់យុវជនយើង និងបានតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសគឺបានខិតខំដោះស្រាយប្រាក់ឈ្នួលអប្បបរមារបស់កម្មករតាមរោងចក្រកាត់ដេរ និងវាយនភណ្ឌពី១៩៤ដុល្លារ នៅឆ្នាំ២០២២ មក២០០ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០២៣ និងបើកពីរដងក្នុង១ខែ។

លោក ឃួង ស្រេង បន្តទៀតថា ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ប្រាក់ឈ្នួលអប្បបរមាត្រូវបានរក្សា និងដំឡើងជូនបងប្អូនកម្មករនិយោជិត ជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមាត្រូវ បានតម្លើងដល់២០០ដុល្លា និងត្រូវបើកជូនកម្មករ និយោជិតចំនួន២ដងក្នុងមួយខែ។ កម្មករនិយោជិតទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់។

កម្មការិនីទទួលបានប្រាក់ឈ្នួល១២០% និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូន។ ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការនីក្រោយពេលសម្រាលកូនដោយផ្តល់ជូនក្នុង១នាក់ ថវិកា៤០ម៉ឺនរៀល, កូនពីរនាក់ថវិកា ៨០ម៉ឺនរៀល និងកូន៣នាក់ ថវិកា១លាន ២សែនរៀល ព្រមទាំងទទួលបានថវិកា បន្ថែមចំនួន៥លានរៀលពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។ និយោជកបង់ភាគទានរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព១០០% ជំនួសកម្មករនិយោជិត។

បើតាមលោក ឃួង ស្រេង, ក្នុងដំណើរឆ្ពោះទៅដណ្ដើមជ័យជម្នះឲ្យខានតែបាន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ ចេញនូវគោលនយោបាយការពារ និងលើកស្ទួយផលប្រយោជន៍ របស់ប្រជាជន គោលដៅជាយុទ្ធសាស្ត្រ៥៖

*ទី១៖ ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្សស្ថិតស្ថេរ
*ទី២៖ កសាងកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ
*ទី៣៖ កសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានា ការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើង ពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ
*ទី៤៖ ខិតខំបំបាត់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់នៅឆ្នាំ២០២៥
*ទី៥៖ បន្តអនុវត្តនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្ម ចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

លោក ឃួង ស្រេង ក៏បានរំលឹកដល់ប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទាំងអស់គ្នា។ លោកសូមឲ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត។

ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំង៥,០០០នាក់នេះផងដែរ ដោយក្នុងក្នុងម្នាក់ៗទទួលថវិកា ២ម៉ឺនរៀល និងក្នុងចំនួននេះ សម្រាប់អ្នកមានផ្ទៃពោះប្រមាណជិត៣០០នាក់ ទទួលបានក្នុងម្នាក់ ចំនួន៤០ម៉ឺនរៀលបន្ថែមទៀត៕