(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងព្រះវិហារថ្មី និងកាត់ឫសសីមា វត្តប្រាសាទស្រះកណ្តាល (ខ្ទាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ប្រគេនពរ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេន និងជូនចំពោះព្រះថេរានុត្ថេរៈនិងប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានប្រសាសន៍បន្តថា សម្តេចតេជោដឹកនាំកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ រីកចម្រើនលើគ្រប់វិស័យ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ទប់បាននូវលំនឹងសេដ្ឋកិច្ច អាចបើកដំណើរការជាប្រក្រតីភាពលើគ្រប់វិស័យ និងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោយខកខានអស់រយ:ពេល៦៩ឆ្នាំ ដោយបើកឱ្យប្រជាពលរដ្ឋ ភ្ញៀវបរទេសចូល ទស្សនាដោយមិនគិតថ្លៃ ព្រមមិនគិតថ្លៃផងដែរទាំងការផ្សាយបន្តផ្ទាល់ ការស្នាក់នៅ និងការហូបចុករបស់អត្តពលិកដែលមកចូលរួមប្រកួតព្រឹត្តិការណ៍កីឡាដ៏ល្បីល្បាញមួយនេះនៅកម្ពុជាយើង ដើម្បីធ្វើឲ្យពិភពលោកបានស្គាល់ ប្រទេសកម្ពុជា ដែលជាប្រទេសតូចតែបេះដូងធំ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តទៀតថា ភាពសុខដុមនីយកម្មសាសនាបានធ្វើឱ្យកម្ពុជារីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រហើយសាសនាទាំងអស់រស់ឡើងវិញស្មើគ្នា គឺក្រោយថ្ងៃ ៧ មករា ១៩៧៩ ហើយ វិស័យសាសនា និងការអភិវឌ្ឍន៍ធនធានមនុស្ស កាន់តែរីកចម្រើនក្រោមរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្ដេចតេជោ ហ៊ុន សែន។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងសូមបងប្អូនទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនទៅមុខបានឆាប់រហ័ស។
ក្នុងឱកាសដ៏មហាជ្រះថ្លានោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ បានពាំនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេន និងចែកជូន រួមមាន៖
*ទី១៖ ផ្តល់អគារសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ នៅបឋមសិក្សាខ្ចាស់
*ទី២៖ ប្រគេនដែកចំនួន ១០០តោន ស៊ីម៉ង់ចំនួន ៣០០តោន សម្រាប់កសាងព្រះពុទ្ធបដិមាអង្គធំកម្ពស់៨០ម៉ែត្រ និងបច្ច័យ ៦០១៥$
*ទី៣៖ គ្រឿងឧបភោគ បរិភោគ សារុង និងសម្ភារប្រើប្រាស់ឧបត្ថម្ភដល់មនុស្សវ័យចាស់ លោកគ្រូ អ្នកគ្រូ កម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក កងពលតូចថ្មើរជើងលេខ៥១ កងវិស្វកម្ម ក្រុមគ្រូពេទ្យប្រចាំការ ប្រជាការពារ ក្រុមយុវជន សសយក និងប្រជាពលរដ្ឋចូលរួមទាំងអស់ ដែលគិតសរុបរួមប្រមាណ ២៣ម៉ឺន៣ពាន់ដុល្លារ។
*ទី៤៖ ឧបត្ថម្ភផ្លូវ១ខ្សែមានប្រវែង ៧គីឡូម៉ែត្រ ផ្លូវចូលវត្តខ្ចាស់៕