(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក ក៏ដូចជាអង្គការអន្តរជាតិខាងការងារ (ILO) សុទ្ធតែបានកត់ស្គាល់ពីវឌ្ឍភាពនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា នារយៈកាលចុងក្រោយនេះ ពិសេស គឺគ្រប់ភាគីបានខិតខំចរចាគ្នាដោះស្រាយបញ្ហាប្រកបដោយភាពចាស់ទុំ។

គួរជម្រាបថា ទិវាពលកម្មអន្តរជាតិនេះរៀបចំឡើងដើម្បីរំលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពនានារបស់កម្មករនិយោជិត និយោជក ដែលមាននៅក្នុងច្បាប់ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា។

លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) បានកត់សម្គាល់ថា កម្ពុជាបានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញជូនដល់កម្មករ និងនិយោជកក្នុងការបង្កើតនិងអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដោយសេរី ដោយគ្មានការបង្ខិតបង្ខំ គំរាមកំហែង គ្មានការរំលោភបំពាន ឬធ្វើទុក្ខបុកម្នេញដោយសារការធ្វើសកម្មភាពស្របច្បាប់ឡើយ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា សហព័ន្ធនិយោជកនឹងបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់និយោជក ក៏ដូចជាជំរុញឱ្យនិយោជកទាំងអស់ចូលរួមលើកស្ទួយសុខមាលភាព សុវត្ថិភាព និងសិទ្ធិសេរីភាពរបស់កម្មករនិយោជិតដោយអនុលោមទៅតាមបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ។

លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជាបានសង្កត់ធ្ងន់ថា នៅកម្ពុជាកាលពីពេលមុន ធ្លាប់តែមានបញ្ហាអ្វី គឺមានកម្មករនិយោជិតចេញបាតុកម្មតាមដងផ្លូវ ប៉ុន្តែបច្ចុប្បន្ននេះគឺមានការផ្លាស់ប្ដូរពីការធ្វើបាតុកម្មមកអង្គុយចរចាគ្នាដើម្បីដោះស្រាយវិវាទលក្ខណៈស្ថាបនា។ ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនេះ គឺជាកត្តាសំខាន់មួយជំរុញឱ្យមានវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា​។

តំណាងអង្គការ ILO រូបនេះ បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីបន្តការងារលើកកម្ពស់ការងារសមរម្យ និងការដោះស្រាយបញ្ហារួមគ្នា សំដៅការពារផលប្រយោជន៍ជូនកម្មករនិយោជិត និយោជក និងគ្រប់ភាគីដទៃទៀត។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

លោករដ្ឋមន្ត្រីបានបន្តថា ការបើកចំហសេរីភាពអង្គការវិជ្ជាជីវៈបានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីមានចំនួនសរុប ៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣។

ដើម្បីបន្តវឌ្ឍនភាពទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើងថែមទៀត លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដូចខាងក្រោម៖

១- បន្តខិតខំអនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុចនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានដាក់ចេញក្នុងពេលជួបសំណេះសំណាលជាមួយកម្មករនិយោជិត។

២- បន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងអនុសញ្ញាអន្តរជាតិ សំដៅពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ។

៣- បន្តខិតខំអនុវត្តគោលនយោបាយលើកទឹកចិត្តឱ្យទទួលបានកិច្ចគាំពារនានា ដូចជា ការទទួលបាននូវរបបសន្តិសុខសង្គម បណ្ណមូលនិធិសមធម៌សុខាភិបាល ការទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការជួយរកការងារឱ្យធ្វើ ឬការបង្កើតមុខរបរ ការចូលរួមក្នុងរបបប្រាក់សោធននិវត្តន៍ និងការទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ស្ត្រីនៅពេលសម្រាលកូន។

៤- បន្តខិតខំលើកទឹកចិត្ត និងបង្កលក្ខណៈការងារក្នុងជួរកម្មករនិយោជិត និងសហជីពឱ្យចូលរួមក្នុងសកម្មភាពសង្គម ធ្វើអំពើល្អនៅតាមមូលដ្ឋាន។

៥- បន្តខិតខំយកចិត្តទុកដាក់ការងារក្នុងជួរសហគ្រិន និងបុគ្គលិក បុគ្គលស្វ័យនិយោជន៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

៦- បន្តខិតខំយកចិត្តទុកដាក់ការងារក្នុងជួរពលករនៅក្រៅប្រទេសបន្ថែមទៀត ដូចជាប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងម៉ាឡេស៊ីដែលកំពុងស្នាក់នៅ និងធ្វើការនៅបណ្តាប្រទេសទាំងនេះ៕