(ភ្នំពេញ)៖ អាណាព្យាបាល និងក្រុមនិស្សិតជាច្រើន នៅរាជធានីភ្នំពេញ ដែលមានបំណង ចង់ចូលបម្រើការងារ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ បានស្នើឲ្យក្រសួងមហាផ្ទៃ ពិចារណាឡើងវិញ លើលក្ខខណ្ឌ និងបែបបទមួយចំនួន ដែលត្រូវបំពេញពាក្យ ដើម្បីមានសិទ្ធិចូលរួមប្រឡង ជ្រើសរើសមន្ត្រីក្របខណ្ឌ នគរបាលជាតិ ឆ្នាំ២០១៦នេះ។
បញ្ហាដែលអាណាព្យាបាល និងនិស្សិត ស្នើឲ្យក្រសួងមហាផ្ទៃកែសម្រួលនោះ គឺត្រូវតម្រូវឲ្យមានការបញ្ជាក់ «ការផ្ទេរឈ្មោះពីខេត្ត មកស្នាក់ការនៅរាជធានីភ្នំពេញ» (ចំពោះនិស្សិតដែលមានស្រុកកំណើតនៅតាមខេត្ត)។
នៅក្នុងលក្ខន្តិកៈរបស់ក្រសួងមហាផ្ទៃ បេក្ខជន បេក្ខនារី ដែលចង់ប្រឡងចូលបម្រើការងារ ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ តម្រូវឲ្យជាអ្នកដែលរស់នៅ ក្នុងរាជធានី-ខេត្ត ដែលត្រូវដាក់ពាក្យប្រឡង និងមានសៀវភៅគ្រួសារបញ្ជាក់ទីលំនៅក្នុងរាជធានី-ខេត្ត ដែលខ្លួនត្រូវប្រឡងផងដែរ។ មានន័យថា និស្សិតដែលចង់បម្រើការងារក្នុងក្របខណ្ឌ មន្ត្រីនគរបាលជាតិ ក្នុងរាជធានីភ្នំពេញ ត្រូវតែមានការបញ្ជាក់ «ការផ្ទេរឈ្មោះពីខេត្ត មកស្នាក់ការនៅរាជធានីភ្នំពេញ» ឲ្យបានច្បាស់លាស់ ទើបអាចមានសិទ្ធិចូលប្រឡងដើម្បីបំរើការងារនៅក្រសួងមហាផ្ទៃ។ លក្ខខណ្ឌនេះត្រូវបាន អាណាព្យាបាល និងនិស្សិតយល់ឃើញថា ជាការរាំងស្ទះដល់ការដាក់ពាក្យ ប្រឡងចូលបម្រើការងារ ជាមន្ត្រីនគរបាលជាតិ ដោយមិនបានបើកឱកាសឲ្យទូលាយ ក្នុងការចូលរួមប្រឡងប្រជែងនេះ។
ក្រុមអាណាព្យាបាល និងនិស្សិត សំណូមពរឲ្យក្រសួងមហាផ្ទៃ ពិចារណាឡើងវិញ លើលក្ខខណ្ឌមួយនេះ ដោយយល់ថា ក្រសួងគួរតែតម្រូវឲ្យមានតែ លិខិតបញ្ជាក់ទីលំនៅត្រឹមឃុំ-សង្កាត់បានហើយ ដោយមិនចាំបាច់ដល់ថ្នាក់ទាល់តែមានការបញ្ជាក់ «ការផ្ទេរឈ្មោះពីខេត្ត មកស្នាក់ការនៅរាជធានីភ្នំពេញ ឬមានសៀវភៅគ្រួសារនោះទេ» ដែលធ្វើបែបនេះ និងជួយឲ្យមានការបើកទូលលាយ ក្នុងការចូលរួមប្រកួតប្រជែង។
សូមជម្រាបថា ក្រសួងមហាផ្ទៃបានប្រកាសប្រឡងជ្រើសរើស សិស្សនិស្សិតឲ្យចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ចំនួន៦២៤កន្លែង សម្រាប់ឆ្នាំ២០១៦។ សិស្ស និស្សិត ដែលជ្រើសរើសត្រូវយកទៅ បម្រើការងារលើមុខជំនាញ និងឯកទេសផ្សេងៗគ្នារួមមាន៖ ជំនាញព័ត៌មានវិទ្យា, ជំនាញស្ថាបត្យកម្ម, ជំនាញសុខាភិបាល, ជំនាញច្បាប់, ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ, ជំនាញភាសាបរទេស, ជំនាញបើកបរ ជួសជុល ឆ្លាក់ត្រា, ជំនាញការពារ និងអង្គរក្ស។
ពាក្យប្រឡងនឹងចាប់ផ្តើមផ្តល់ ជូនពីថ្ងៃទី០៥ ដល់ថ្ងៃទី៣០ ខែកក្កដា ហើយចាប់ផ្តើមទទួលពាក្យប្រឡងវិញ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦៕