(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា បើសម្តេចមិនរវៀសរវៃទេ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងក្លាយទៅជាកំពង់ផែរបស់ឯកជនទៅហើយ នៅក្នុងដំណាក់កាលប្រទាញប្រទុងគ្នានាសម័យរដ្ឋាភិបាលចម្រុះ។

ការរំលឹកបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រថ្មី នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ការសាងសង់ចំណតកំពង់ផែថ្មីដែល ចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភាព ដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកយ៉ាងដូច្នេះថា៖ «ដូចអ្វីដែលឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលលើកឡើងទាក់ទង ជាមួយការបើកការដ្ឋានដើម្បសាងសង់នូវចំណតកំពង់ផែកុងតឺន័រ នៅទីក្រុងព្រះសីហនុនេះ ចំណុចនេះអ្វីដែលបានកើតឡើងនៅកំពង់ផែនេះ ខ្ញុំគួរតែរំលឹកបន្តិច ហើយរឿងនេះត្រូវចងចាំ បើសិនជាខ្ញុំរវៀសរវៃទេកំពង់ផែនេះនឹងធ្លាក់ទៅក្នុងដៃឯកជនហើយពេលនោះនៅចាំទេ ដើម្បីការពារនូវកំពង់ផែនេះកុំឱ្យធ្វើឯកជនភាវូបនីយកម្ម ដែលដំណាក់កាលនោះគឺរដ្ឋាភិបាលចម្រុះប្រទាញប្រទុងគ្នាយ៉ាងខ្លាំង ហើយខ្ញុំមិនយល់ព្រោះជាមួយនឹងការឱ្យកំពង់ផែនេះទៅជាផ្នែកឯកជនទេ...!»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រសិនបើកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ក្លាយទៅជាកំពង់ផែឯកជន កុំសង្ឃឹមថារដ្ឋាភិបាលជប៉ុន អាចផ្តល់ថវិកាឱ្យរដ្ឋាភិបាលកម្ពុជាខ្ចី ព្រមទាំងផ្តល់ជំនួយសម្រាប់អភិវឌ្ឍន៍កំពង់ផែនេះឱ្យសោះ ពីព្រោះរដ្ឋាភិបាលជប៉ុន មិនត្រូវធ្វើការចំពាក់ចំពិនជាមួយអ្នកណានោះទេ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា រឿងរ៉ាវនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ គឺមានរឿងស្មុគស្មាញខ្លាំងណាស់ ហើយមានបុគ្គលខ្លះយករថយន្តកញ្ចាស់តែ ២គ្រឿងមកដាក់ ហើយចង់មកគ្រប់គ្រងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះទាំងមូលដោយមានគំនិតបែងចែកប្រាក់ចំណេញជាមួយរដ្ឋផងដែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្រាប់កំពង់ស្វយ័តក្រុងព្រះសីហនុនេះ ក៏នៅបន្តមានបញ្ហាស្មុគស្មាញជុំវិញការស្កេនកុងតឺន័រ ដែលបន្តឱ្យកើតមានរឿងរ៉ាវមិនចេះចប់ មិនចេះហើយ ទើបសម្តេចសម្រេចឱ្យដកការស្កេនកុងតឺន័រនេះចេញជាដើម។

«រឿងវាស្មុគស្មាញសាំញ៉ាំ វាមិនខុសការដែលគេបបួលយើងឱ្យលក់គយ ទេ ហើយយើងនៅកន្លែងហ្នឹងវាស្មុគស្មាញណាស់ ប៉ុន្តែ ជាមួយនឹងគ្រូពេទ្យវះកាត់ គឺ ហ៊ុន សែន ជាគ្រូពេទ្យវះកាត់សម្រាប់ការរីកលូតលាស់នៃកំពង់ស្វយ័តក្រុងព្រះសីហនុនេះ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ជុំវិញការលើកឡើងពីសំណាក់មនុស្សមួយចំនួនថា អត់មានថវិកាសម្រាប់អភិវឌ្ឍន៍កំពង់ស្វយ័តក្រុងព្រះសីហនុ ត្រូវសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅវិញថា «ខ្ញុំថាមិនវាមិនផ្អូមទេកំពង់ផែហ្នឹង ទុកវាអ៊ឹចឹងសិនទៅ ចាំយើងមានលទ្ធភាព ចាំយើងសាងសង់»