(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យទូរទស្សន៍ជាតិ និងទូរទស្សន៍ឯកជននានា ចូលរួមផ្សាយផ្ទាល់ឱ្យបានផុលផុសនូវព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា ហើយផ្សព្វផ្សាយឱ្យបានគ្រប់ការប្រកួត និងគ្រប់វិញ្ញាសារ ដើម្បីឱ្យប្រជាពលរដ្ឋបានមើល និងបានដឹងពីការប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រថ្មី តម្លៃជិត ១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នាយករដ្ឋមន្ត្រី ត្រូវការឱ្យព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្លាយទៅជាថ្ងៃបុណ្យរបស់ជាតិសម្រាប់ប្រជាជនកម្ពុជា មោទនភាពសម្រាប់ប្រជាជនកម្ពុជា រឿងអីទុកឱ្យកម្ពុជាមានភាពស្ងប់ស្ងាត់ ខណៈដែលកម្ពុជាកំពុងរៀបចំព្រឹត្តិការស៊ីហ្គេមដ៏ធំដូចនេះគេប្រកួតកីឡា ហេតុអីមិនព្រមផ្សាយ សូមឱ្យទស្សន៍ទាំងអស់ធ្វើការផ្សព្វផ្សាយនូវការប្រកួតទាំងអស់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឥលូវនេះគេប្រកួតបានច្រើនវិញ្ញាសារប្រកួតហើយ តែមិនមានអ្នកណាទៅផ្សព្វផ្សាយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា ឥលូវក្រៅពីទូរទស្សន៍ជាតិផ្សាយ នៅមានទូរទស្សន៍ដ៏ទៃទៀតនាំគ្នាផ្សាយឱ្យបានសប្បាយនៅទូទាំងប្រទេសទៅ ហើយគ្រាន់តែការប្រកួតរវាងកម្ពុជា និងទីម័រខាងកើត មានប្រជាជនចូលមើលរាប់ម៉ឺននាក់ហើយ ។ កុំមកបង្ខូចព្រឹត្តិការស៊ីហ្គេមរបស់គេ ក្នុងពេលដែលខ្លួនឯងមានសម្ភារៈគ្រប់គ្រាន់ ហើយនឹងទទួលបន្ទុកការងារផ្សព្វផ្សាយ ដូចនេះត្រូវនាំគ្នាផ្សព្វផ្សាយដើម្បីឱ្យគេគ្រប់គ្នាបានមើលបានដឹងពីព្រឹត្តិការស៊ីហ្គេមនៅកម្ពុជា៕