(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកសម្តីជនថ្លែងរិះគន់មិនយាងព្រះមហាក្សត្រ បើកការប្រកួតស៉ីហ្គេម គឺជាចេតនាទុច្ចរិតបំបែកបាក់ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។
ថ្លែងនៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ព្រឹត្តិការណ៍ស៉ីហ្គេម មានតែឥណ្ឌូនេស៉ី ហ្វីលីពីន និងព្រុយណេប៉ុណ្ណោះ ដែលប្រមុខរដ្ឋប្រកាសបើកព្រឹត្តិការណ៍ស៉ីហ្គេម។
«វាថាអត់យាងព្រះមហាក្សត្រទៅបើកស៉ីហ្គេម។ ព្រះមហាក្សត្រ ព្រះអង្គប្រទានភ្លើងរួចហើយ។ នៅក្នុងប្រទេសអាស៊ាន មានតែប្រទេស៣ ដែលប្រមុខរដ្ឋប្រកាសបើក។ មានឥណ្ឌូនេស៉ី ដោយសារគេជាប្រទេសប្រកាន់យករបបប្រធានាធិបតី អត់មាននាយករដ្ឋមន្ត្រីទេ មានហ្វីលីពីន អត់មាននាយករដ្ឋមន្ត្រី មានតែប្រធានាធិបតី និងអនុប្រធានាធិបតី និងស៊ុលតង់ព្រុយណេ ដែលព្រះអង្គកាន់ជាប្រមុខរដ្ឋផង ជានាយករដ្ឋមន្ត្រីផង។ ឯក្រៅពីនោះ សុទ្ធតែនាយករដ្ឋមន្ត្រីប្រកាសទាំងអស់ របបសភាគឺបែបនេះឯង»។ នេះជាការបញ្ជាក់ របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបន្តបញ្ជាក់ពីមូលហេតុមិនយកលុយសម្រាប់គណៈប្រតិភូកីឡាស៉ីហ្គេម ដើម្បីបង្ហាញពីសមានចិត្ត និងទឹកចិត្តដ៏ធំធេងរបស់កម្ពុជា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។
SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕