Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាតេក្វាន់ដូ ទម្ងន់ធ្ងន់របស់ ស៊ន សៀវម៉ី ត្រូវបានប្រជុំសម្រេចដាក់ក្នុង SEA Games 2017 ហើយ

14-07-2016 17:51

(ភ្នំពេញ)៖ ប្រភេទកីឡាតេក្វាន់ដូ ក្រោមទម្ងន់ -៧៣គីឡូក្រាម ដែលជាគីឡូរបស់វីរៈ​កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី នោះ ត្រូវបានគណៈកម្មាធិការម្ចាស់ផ្ទះម៉ាឡេស៊ី ប្រជុំសម្រេច និងបណ្តា​ប្រទេសអាស៊ានទាំង ១០ផ្សេងទៀតឯកភាព ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡា​ថ្នាក់តំបន់អាស៊ាន SEA Games 2017 ខាងមុខហើយ ដែលម៉ាឡេស៊ី ធ្វើម្ចាស់ផ្ទះ។

យោងតាមទំព័រ Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលមានអគ្គលេខាធិការ វ៉ាត់ ចំរើន និងមន្រ្តីប្រតិភូកីឡា លោក ញ៉ាន សុខវិសាល ទៅចូលរួមប្រជុំនោះ ទាំង១១​ប្រទេស រួមទាំងម្ចាស់ផ្ទះម៉ាឡេស៊ី បានឯកភាពឲ្យមានប្រភេទកីឡាទម្ងន់ ក្រោម៧៣គីឡូក្រាមចូលរួមប្រកួត ខណៈដែល SEA Games ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី មានកីឡាតេក្វាន់ដូដែរ ប៉ុន្តែពុំមានប្រភេទវិញ្ញាសាទម្ងន់ឡើយ ដែលធ្វើឲ្យ កីឡាការិនីម្ចាស់មេដាយមាស ប្រចាំទ្វីបអាស៊ី និងមេដាយវគ្គជម្រុះកីឡាអូឡាំពិក រដូវក្តៅឆ្នាំ២០១៦ នៅទីក្រុង រីយ៉ូ ស៊ន សៀវម៉ី មិនអាចចូលរួម។

ការសម្រេចសម្រាប់កីឡា ស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ឆ្នាំក្រោយនេះ ប្រទេសម៉ាឡេស៊ី (Malaysia) និងធ្វើម្ចាស់ផ្ទះ ដោយក្នុងនោះ ភាគីម្ចាស់ផ្ទះយល់ស្របតាមការស្នើសុំរបស់កម្ពុជា ដើម្បីបញ្ចូលប្រភេទវិញ្ញាសាកីឡាតេក្វាន់ដូនារី ទំងន់ -73Kg ដែលជាប្រភេទគីឡូរបស់កីឡាការិនីឆ្នើម ស៊ន សៀវម៉ី ខណៈដែល SEA Games កន្លងមកនៅសឹង្ហបុរី ពុំមានប្រភេទទំងន់នេះទេ។

កម្ពុជា ក៏បានសោកស្តាយដែលមិនមានការដាក់បញ្ចូលប្រភេទកីឡាចំបាប់ សូរីនហ្សីកេមប៉ូ និងកីឡាវ៉ូវីណាម ដែលសុទ្ខសឹង ជាកីឡាសក្តានុពលរបស់កម្ពុជា ដែលតែងតែឈ្នះមេដាយ​ជាហូរហែនាពេល​ប្រកួតកន្លងមក។ កីឡាចំនួន ៣៨ប្រភេទ ស្មើនឹង ៤០៥វិញ្ញាសា នឹងដាក់ឲ្យប្រកួត SEA Games ឆ្នាំ២០១៧ លើកទី២៩ ដែលមានម៉ាឡេស៊ី ធ្វើម្ចាស់ផ្ទះ៕