(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្ដព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដបញ្ជាក់អំពីមូលហេតុ ដែលមិនយកលុយ ពីគណៈប្រតិភូកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្ហាញពីសមានចិត្ដ និងទឹកចិត្ដដ៏ធំធេងរបស់កម្ពុជា។

ការបន្ដបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលចំណាយថវិការហូតដល់ជិត១ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រឲ្យកាន់តែខ្លាំងក្លាថែមទៀត នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលមិនយកលុយ ពីគណៈប្រតិភូកីឡាស៊ីហ្គេម អ្វីដែលកម្ពុជាចង់បាន គឺចង់បង្ហាញទឹកចិត្ដមួយ ដូចដែលកម្ពុជា ធ្លាប់ធ្វើជួយនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam នៅកំពង់ផែព្រះសីហនុ។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានឲ្យដឹងផងដែរថា ការដែលយកលុយ ពីគណៈប្រតិភូកីឡាស៊ីហ្គេម ក្នុងម្នាក់៥០ដុល្លារ ក៏វាមិនធ្វើឲ្យកម្ពុជា ក្លាយទៅជាអ្នកមានបានផងដែរ។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនធ្វើសត្រូវជាមួយលុយទេ ក៏ប៉ុន្ដែការដែលកម្ពុជា បង្កើតនូវការមិនយកប្រាក់ ក្នុងគោលបំណង ដើម្បីទាញយកមនុស្សទាំងឡាយ ចូលមកស្គាល់កម្ពុជា, កម្ពុជាក្រ ប៉ុន្ដែបេះដូងធំ។ លុយ៧លានដុល្លារ យើងចាយថែម ដើម្បីចិញ្ចឹមកីឡាករ-កីឡាការិនីបរទេស ហើយខ្ញុំជឿជាក់ថា នៅពេលស៊ីហ្គេមលើកក្រោយ នៅប្រទេសដទៃ គេក៏អត់យកលុយពីកម្ពុជាវិញ ផងដែរ»

សូមជម្រាបថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕