(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ ដែលគាំទ្រដល់គំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ» របស់ជប៉ុន ហើយប្រកាសថា គំនិតផ្តួចផ្តើមទាំងឡាយ ដែលចង់ឱ្យកម្ពុជាគាំទ្រ ត្រូវតែធានាគោលការណ៍៣ចំណុច។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី តម្លៃជិត១ពាន់លានដុល្លារ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ
«គំនិតផ្តួចផ្តើមមួយចំនួនរបស់ជប៉ុន ត្រូវបានទទួលការគាំទ្រពីសំណាក់កម្ពុជា ដូចជា "ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ" កម្ពុជាប្រទេសទី១ ដែលបានគាំទ្រជប៉ុនលើបញ្ហាហ្នឹង ដោយផ្អែកលើគោលការណ៍៣ មិនមែនគ្រាន់តែប្រទេសជប៉ុនមួយទេ គឺប្រទេសទាំងអស់»។ នេះជាការបញ្ជាក់របស់ សម្តេចតេជោ។
សម្តេចបានបន្ថែមថា គោលការណ៍ទាំង៣ចំណុច៣នោះរួមមាន៖ ទី១.គំនិតផ្តួចផ្តើមណាក៏ដោយត្រូវតែបម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ, ទី២. គំនិតផ្តួចផ្តើមនោះ មិនត្រូវប្រឆាំងជាមួយប្រទេសណា ឬក្រុមណាមួយទេ និងទី៣. គំនិតផ្តួចផ្តើមត្រូវតែគោរពដល់មជ្ឈភាពរបស់អាស៊ាន និងទស្សនទានឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនគាំទ្រទេ បើគំនិតផ្តួចផ្តើមនាំឱ្យមានសង្គ្រាម ឬប្រឆាំងជាមួយប្រទេសណាផ្សេងហើយបានបញ្ជាក់បន្ថែមថា នយោបាយការបរទេសកម្ពុជា គឺជានយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់។ ដូច្នេះគំនិតផ្តួចផ្តើមទាំងឡាយ ដែលធានាលើ៣ចំនុចខាងលើនេះមិនបានទេ កម្ពុជាក៏នឹងមិនចូលរួមនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា កម្ពុជានឹងមិនលេងជាមួយនោះទេ ប្រសិនបើគំនិតផ្តួចផ្តើមនោះ ប្រឆាំងជាមួយអ្នកដទៃ ឬដើម្បីទប់ឥទ្ធិពលប្រទេសដទៃ៕