(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ក្នុងរយៈពេល៣៣ឆ្នាំមកនេះ សម្តេចតេជោមិនដែលឈឺក្បាលទៀតនោះឡើយ ដោយសារតែបានប្រើប្រាស់កែវភ្នែកសិប្បនិម្មិតរបស់ប្រទេសជប៉ុន ផ្ទុយពីពេលដែលមិនទាន់ប្រើប្រាស់កែវភ្នែកនេះ សម្តេចតេជោតែងឈឺក្បាល និងលេបថ្នាំជាប្រចាំ។
ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលគ្រោងចំណាយថវិកាជិត១ពាន់លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។
គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ជួបគ្រោះថ្នាក់ពិការភ្នែកខាងឆ្វេងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ក្នុងពេលប្រយុទ្ធក្នុងសង្គ្រាមដើម្បីរំដោះជាតិមាតុភូមិ គិតមកដល់ពេលនេះគឺមានរយៈពេល៤៨ឆ្នាំហើយ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «៣៣ឆ្នាំមកនេះ ខ្ញុំអត់ដែលឈឺក្បាលសូម្បីបន្តិច។ នៅមុនពេលដែលខ្ញុំប្រើកែវភ្នែកសិប្បនិម្មិតរបស់ជប៉ុន ខ្ញុំឧស្សាហ៍ឈឺក្បាលជាប្រចាំ រហូតដល់ខ្ញុំដាក់ថ្នាំឈឺក្បាលជាប់ជានិច្ច ប៉ុន្តែពេលដែលខ្ញុំទៅប្រទេសជប៉ុន ខ្ញុំបានទទួលការរៀបចំកែវភ្នែកសិប្បនិម្មិតឱ្យខ្ញុំ តាំងពីពេលនោះមក ខ្ញុំមិនដែលឈឺក្បាលនោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកឯកអគ្គរដ្ឋទូតជប៉ុន អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) ដែលបានស្នើទៅកាន់ប្រទេសជប៉ុន ដើម្បីប្រគល់កែវភ្នែកសិប្បនិម្មិតថ្មីៗ៤គ្រាប់ទៀត ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។
សម្ដេចតេជោបានកោតសរសើរកែវភ្នែកសិប្បនិម្មិតនេះ គឺមានគុណភាពល្អ ប្រើប្រាស់ទៅត្រជាក់ស្រួល ពោលគឺបានធ្វើឱ្យសុខភាពភ្នែក និងអវៈយុវៈក្បាលរបស់សម្ដេចតេជោមានភាពល្អប្រសើរ អាចបំពេញកិច្ចការបានយ៉ាងងាយស្រួលក្នុងរយៈពេលយូរឆ្នាំមកនេះ៕