(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ក្នុងសារលិខិតខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះថា ដោយគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈបានចុះបញ្ជីបានកើនឡើង គួរឱ្យកត់សម្គាល់ ដោយមានចំនួនសរុប ៦,០៦៤អង្គភាព។
សម្ដេចតេជោបានបញ្ជាក់យ៉ាងដូច្នេះថា «ការអនុវត្តច្បាប់ ស្ដីពីសហជីព បានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ អង្គការវិជ្ជាជីវៈបានចុះបញ្ជីបានកើនឡើងគួរឱ្យកត់សម្គាល់ មានចំនួនសរុប ៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន ៥,៧៤១ សហព័ន្ធសហជីពចំនួន ២៦៨ សហភាពសហជីពចំនួន ៤២ និងសមាគមនិយោជកចំនួន ១៣»។
សម្ដេចតេជោបានបន្តថា ដោយអនុវត្តតាមទិសស្លោក «សហគ្រាស គ្រឹះស្ថានមួយ ជាសហគមន៍សុខសាន្ដមួយ» សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានពង្រឹង។ ការដោះស្រាយវិវាទការងារកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សា អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធ ការលើកកម្ពស់កិច្ចសន្ទនាសង្គម តាមរយៈយន្តការត្រីភាគី និងការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទបុគ្គល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់ យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាព នៅក្នុងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល ការអភិវឌ្ឍធនធានមនុស្ស បានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ សុខភាពល្អនិងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គម៕