(បាត់ដំបង)៖ ដោយមើលឃើញពីតម្រូវការជាក់ស្តែង ក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជន ដែលកំពុងរស់នៅលើដីបុរីកម្មករ នៃអតីតរោងចក្រតម្បាញសំពត់ ខេត្តបាត់ដំបង ដែលជាអចលនទ្រព្យរបស់រដ្ឋ ស្ថិតនៅក្នុងបញ្ជីសារពើភ័ណ្ឌ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្រេចកាត់ដីរដ្ឋ (បុរីកម្មករ) នៃអតីតរោងចក្រតម្បាញសំពត់ខេត្តបាត់ដំបង ជូនប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ ដែលកំពុងរស់នៅលើដីនោះ ដើម្បីមានសិទ្ធទទួលបានប័ណ្ណកម្មសិទ្ធស្របច្បាប់។
ជាក់ស្តែង ដោយទទួលបានការសម្រេច ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះ លោក គឹម ទូច រដ្ឋលេខាធិការ តំណាងរបស់ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ចាន់ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ដើម្បីប្រគល់ដីបុរីកម្មករ នៃរោងចក្រតម្បាញសំពត់ ខេត្តបាត់ដំបង ដែលមានទំហំ ៥.៧៧១ ម៉ែត្រការ៉េ ជូនប្រជាពលរដ្ឋ ៤៩គ្រួសារ (ភាគច្រើនជាអតីតកម្មករ) ដោយក្នុងនោះមាន ៣.៨៦៤ ម៉ែត្រការ៉េ សម្រាប់ប្រជាពលរដ្ឋកាន់កាប់ និង ១.៩០៧ ម៉ែត្រការ៉េ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។
ជាការឆ្លើយតប ប្រជាពលរដ្ឋទាំង ៤៩ គ្រួសារ ដែលបានទទួលសិទ្ធកាន់កាប់ដីស្របច្បាប់ ពីរាជរដ្ឋាភិបាល បានសម្តែងនូវសេចក្តីរីករាយ ជាពន់ពេក និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕