(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្នុងរបបខ្មែរក្រហម ហេដ្ឋារចនាសម្ព័ន្ធ គ្រប់បែបយ៉ាង រួមទាំងព្រះវិហារ វត្តអារាម ត្រូវបានកំទេច ធ្វើឱ្យ វិស័យព្រះពុទ្ឋសាសនា ត្រូវបានរលាយទាំងស្រុង។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ វិស័យព្រះពុទ្ធសាសនាបានរស់ឡើងវិញ និងបានរីកចំរើន ដល់សព្វថ្ងៃ។

មានប្រសាសបែបនេះនៅក្នុងពិធីប្រកាសព្រះរាជក្រឹត្យ និងស្រោចស្រពព្រះសុគន្ធវារី ដល់ព្រះអនុគណស្រុករលាប្អៀរ និងជាចៅអធិការវត្ត ព្រះវិហារហ្លួង ស្ថិតនៅក្នុង ឃុំរលាប្អៀរ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី៣០ខែមេសា ឆ្នាំ ២០២៣។

បណ្ឌិត សភាចារ្យបានបន្តថា វិស័យព្រះពុទ្ឋសាសនា បានស្ថិតនៅក្នុងសង្គមខ្មែរជាយូលង់ណាស់មកហើយ ដែលយើងទាំងអស់គ្នា បានបន្តប្រតិបត្តិ និងគោរពបូជា ដល់សព្វថ្ងៃ។ ប៉ុន្តែ ពេលប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមនាឆ្នាំ១៩៧០ ដោយរដ្ឋប្រហារ ទម្លាក់សម្ដេចព្រះនរោត្តមសីហនុ វត្តអារាមក៍ត្រូវបានខ្ទេចខ្ទាំដោយសារ គ្រាប់កាំភ្លើង គ្រាប់បែក និងគ្រាប់ទម្លាក់ពីលើយន្តហោះ។ លុះក្រោយឆ្នាំ១៩៧៥ ពេលដែលប្រទេសកម្ពជាបានធ្លាក់ក្នុងរបបខ្មែរក្រហម វិស័យ ព្រះពុទ្ធសាសនាក៏ត្រូវបានរលាយបាត់ទាំងស្រុង។ វត្តអារាម ព្រះវិហារ ត្រូវបានកំទេច ព្រះសង្ឃត្រូវបានចាប់ផ្សឹក ។ កាលនោះយើងមិននឹកស្មានថាយើងបានរស់ឡើងវិញជាមួយនឹងការគោរពបូជា ព្រះពុទ្ធសាសនានោះឡើយ។

ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋកម្ពុជា យើងបានទទួលសិទ្ធិគោរពបូជាវិស័យព្រះពុទ្ធសាសនាឡើងវិញ រួមនឹងសាសនាដ៍ទៃទៀតដែរ។ ក្នុងឆ្នាំ១៩៩៣ បើទោះបីមានកិច្ចព្រមព្រៀង រៀបចំបោះឆ្នោតដោយអ៊ុនតាក់ យ៉ាងណាក្តី ក៏នៅតំបន់មួយចំនួននៅតែមានអសន្តិសុខនៅឡើយដែរ។ រហូតដល់ឆ្នាំ១៩៩៨ ក្រោមការបង្រួបបង្រួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយ ឈ្នះ-ឈ្នះ ទើបយើងមានសុខសន្តិភាព ពេញលេញរហូតដល់សព្វថ្ងៃ។សុខសន្តិភាពនេះហើយ ទើបធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនក្នុងនោះវិញ ស័យព្រះពុទ្ធសាសនាក៏ត្រូវបានរីកចម្រើនគួរកត់សម្គាល់ ។ ដូចដែលបងប្អូនបានចូលរួមនៅទីនេះបានឃើញនូវសមិទ្ធិផលនានា របស់វត្តព្រះវិហារហ្លួង មានទាំងកុដិ ព្រះវិហារ សាលាធម្មវិន័យ និង សាលាឆាន់ ជាដើម។ ចំណែកទីអារាមផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ក៍បានរីកចម្រើនខ្លាំងក្លាណាស់ដែរ។

សម្តេចព្រះពុទ្ឋជ័យមុនី បណ្ឌិត ឃឹម សន ព្រះធានលេខាធិការដ្ឋាន គណៈសង្ឃនាយក នៃព្រះរាជណាចក្រកម្ពុជា មានព្រះថេរដិការថា ប្រសិនបើអាណាចក្រ មិនមានការរីកចម្រើន ប្រជាពលរដ្ឋជួបការខ្វះខាត ពុទ្ធិចក្រ គឺ វិស័យព្រះពុទ្ធសាសនាក៏មិនរីកចម្រើនដែរ។ដូចដែលយើងទាំងអស់គ្នាបានឃើញស្រាប់ ប្រទេសជាតិមានការរីកចំរើនជាខ្លាំង ចំណែកវត្តអារាម ក៍មានការរីកចម្រើនខ្លាំក្លាណាស់ដែរ គឺទាំង២នេះ បានដើរទន្ទឹមគ្នា។ថ្ងៃនេះផងដែរ សូមចូលរួមសាទរ និងសូមផ្តាំផ្ញើដល់ ព្រះគ្រូធម្មានុវត្ត វង្ស កុសល ព្រះគ្រូអនុគណស្រុករលាប្អៀរ ដែលឡើងជា ព្រះមេត្តិសត្ថា ព្រះរាជាគណៈ ថ្នាក់កិត្តិយស និង ជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ ព្រះរាជាណាចក្រកម្ពុជា សូមខិតខំ អនុវត្តប្រតិបត្តិព្រះធម៌ ព្យាយាមរៀនសូត្រ ធម៌វិន័យ ព្រានប្រដៅ ត្រូវអប់រំដល់ សិស្ស ដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងចូលកសាងវត្ត ឱ្យកាន់តែរីកចម្រើនថែមទៀត៕