(កំពត)៖ «អំពើល្អរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ និងការខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដោយគ្មានគិតពីការនឿយហត់របស់ថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សតាំងពីដើមរៀងមកបានទទួលនូវការគាំទ្រពីប្រជាពលរដ្ឋ និងជាមូលដ្ឋានដ៏រឹងមាំនៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ការបោះឆ្នោត»។ នេះគឺជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ជាមួយសមាជិកសមាជិកាគណបក្សសង្កាត់កោះតូច ក្រុងបូកគោដើម្បីរៀបចំផែនការសកម្មភាពឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោកអនុប្រធានក្រុមការងារបានគូសបញ្ជាក់ថា​ គ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ ហើយគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការសង្គ្រោះជាតិប្រជាជនចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយ សម្តេចតេជោ ហ៊ុន សែន នាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម តាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ព្រមទាំងនាំមកនូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កសាងកេរ្តិ៍ឈ្មោះ កិត្តិយសនិងកិត្យានុភាពជាតិល្បីរន្ទឺនៅក្នុងតំបន់និងនៅលើសកលលោក។ គណបក្សប្រជាជនកម្ពុជានឹងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់នេះក្នុងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះឱ្យនៅស្ថិតស្ថេរគង់វង្សដើម្បីផ្តល់ឱកាសពេញលេញដល់ជាតិនិងប្រជាជនកម្ពុជាក្នុងការបន្តអភិវឌ្ឍជាតិឱ្យរីកចម្រើនកាន់តែខ្លាំងថែមទៀត។ កម្ពុជាដែលបានចាកចេញពីប្រទេសក្រីក្រតោកយ៉ាកមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងបន្តអភិវឌ្ឍខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក នេត្រ ភក្ត្រា​បានមានប្រសាសន៍ថា៖ «សម្តេចតេជោហ៊ុន​ សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាជន នៅជាប់នឹងប្រជាជន ដោះស្រាយរាល់ការលំបាកទាំងឡាយដែលមាន និងបានកសាងអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យដែលប្រជាជាតិខ្មែរពិតជាមានមោទកភាព និងមិអាចនភ្លេចបានឡើយចំពោះវីរភាព និងគុណូបក្ការៈដ៏ច្រើនមិនអាចកាត់ថ្លៃបានរបស់សម្តេចទាំងទ្វេ និងគណបក្សប្រជាជនកម្ពុជាចំពោះជាតិនិងប្រជាជន»

លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងថា ដោយសារតែការគាំទ្ររបស់ប្រជាពលរដ្ឋ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត បន្តដឹកនាំប្រទេសជាតិឱ្យរីកចម្រើន ហើយការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជាមានការកើនឡើងរហូត ដែលនេះសបញ្ជាក់ឱ្យឃើញថារាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបម្រើជាតិនិងប្រជាជន និងបានសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់ជូនជាតិនិងមាតុភូមិ។

ក្រុមការងារគណបក្សក្រុងបូកគោ គណៈកម្មាធិការគណបក្សនិងសមាជិកសមាជិកាបានប្រកាសប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងកៀរគរសំឡេងគាំទ្រប្រជាជនក្រោមទិសស្លោកសមាជិកបក្សម្នាក់ សំឡេងឆ្នោតមួយសន្លឹកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងថ្ងៃបោះឆ្នោត ២៣ កក្កដា ២០២៣ និងការបោះឆ្នោតផ្សេងទៀតនាពេលអនាគត។ ជាមួយគ្នានេះ សមាជិកសមាជិកាទាំងអស់ប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតនីតិកាលទី៧ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។

លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបូកគោ បានថ្លែងថា ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺជាជ័យជម្នះរបស់ជាតិនិងប្រជាជនកម្ពុជាទាំងមូល៕