(កណ្តាល)៖ លោក កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន១១០១នាក់ និងសំណេះសំណាលជាមួយយុវជនគណបក្ស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល។

ពិធីនេះមានការចូលរួមពីតំណាងគណៈពង្រឹងឃុំ អនុប្រធានទទួលបន្ទុកជួយប្រធានសម្របសម្រួលក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ តំណាងគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្ដាល សមាជិកសមាជិកាក្រុមការងារយុវជនស្រុក។

សមាជិកសមាជិកាថ្មីជាយុវជនដែលបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺមានចំនួន៣ឃុំ មានសមាជិកសរុបចំនួន ១,១០១នាក់ (ស្រី ៦៩០នាក់) ក្នុងនោះឃុំវិហារសួគ៌ចំនួន ៤៥៣នាក់ ស្រី ២១៥នាក់, ឃុំសន្លុងចំនួន ៣៦៧នាក់ ស្រី ១៩៤នាក់ និងឃុំស៊ីធរចំនួន ២៨១នាក់ ស្រី ១២៥នាក់។

លោក កៅ ថាច បានថ្លែងនូវការអបអរសាទរចំពោះយុវជនទាំង៣ឃុំ រួមមាន ឃុំវិហារសួគ៌ ឃុំសន្លុង និងឃុំស៊ីធរ ដែលបានស្ម័គ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំអ្វីទាំងអស់។

លោកបណ្ឌិតបានរំលឹកជម្រាបជូនយុវជនអំពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ដែលមានអាយុ៧២ឆ្នាំ គិតមកដល់បច្ចុប្បន្ន ដោយបានឆ្លងកាត់ច្រើនដំណាក់កាលក្នុងការតស៊ូដណ្តើមឯករាជ្យ រំដោះជាតិនិងប្រជាជនពីរបបប្រល័យពូជសាសន៍ និងដំណាក់កាលកសាង និងអភិវឌ្ឍន៍ជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងទទួលបាននូវកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកជាតិ និងអន្តរជាតិថែមទៀតផង។

លោកបណ្ឌិតក៏បានផ្តល់ជាអនុសាសន៍មួយចំនួនជូនដល់យុវជន ហើយក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាត្រូវ៖

១. គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គនាគត។

២. ខិតខំសិក្សារៀនសូត្រ ពិសេសសិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។

៣. ប្រព្រឹត្តតែអំពើល្អ អំពើជាកុសល ប្របកដោយគុណធម៌ដោយយកគំរូតាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត តែងប្រកាន់ខ្ជាប់ជាដរាប។

៤. ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងសង និងអំពើអបាយមុខគ្រប់ប្រភេទ និងចូលរួមកសាងភូមិឃុំមានសុវត្ថិភាព។

៥​. ចូលរួមធ្វើសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាសម្អាតអនាម័យ និងដាំដើមឈើនៅតាមទីសាធារណៈ។

៦. ចូលរួមលេងកីឡា ពីព្រោះកីឡានាំមកនូវសុខភាពល្អ បញ្ញាភ្លឺថ្លាវាងវៃ។

៧. ចូលរួមធ្វើការងារនយោបាយ ដូចជាចូលរួមឃោសនា និងសង្កេតការណ៍បោះឆ្នោត និងទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាពេលខាងមុខ។

៨. គិតគូរអំពីសេដ្ឋកិច្ច ដូចជាធ្វើអាជីវកម្មផ្សេងៗ មានជាអាទិ៍ ការចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ ផ្លែឈើជាដើម។ល។

បន្ថែមលើនេះ លោកបានរំលឹកជម្រាបជូនយុវជនអំពីចក្ខុវិស័យ និងបំណងប្រាថ្នារបស់សម្តេចតេជោនាយកដ្ឋមន្រ្តី គឺនៅឆ្នាំ២០៣០ នឹងប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ខាងមុន។

ក្នុងឱកាសនោះដែរ លោក កៅ ថាច ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់គណបក្សស្រុក និងសមាជិកសមាជិកគណបក្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីផងដែរ៕