(សៀមរាប)៖ លោក គោស៊ុំ សារឿត ជាប្រធានកិត្តិយសនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការអប់រំជាវិស័យមួយដ៏មានសារសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
លោកលើកឡើងនេះក្នុងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិជូនសិស្សានុសិស្សជ័យលាភីឆ្នាំសិក្សា២០២១-២០២២ ព្រមទាំងផ្ដល់ប័ណ្ណសរសើរជូនសិស្សានុសិស្សរៀនពូកែ និងគ្រូបង្រៀនឆ្នើម នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាខេត្តសៀមរាប។
លោក គោស៊ុំ សារឿត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអប់រំជាអនុវិស័យមួយដ៏មានសារសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសអភិវឌ្ឍនាថ្ងៃអនាគត ចក្ខុវិស័យវែងឆ្ងាយខាងលើរបស់រាជរដ្ឋាភិបាលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនៅក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង បុគ្គលិក និងលោកគ្រូ អ្នកគ្រូនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន នាំឱ្យសាលាអន្តរជាតិភ្យូឆឺរប្រាយមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា ជាពិសេសក្រុងសៀមរាប ខេត្តសៀមរាប និងទទួលបានជោគជ័យនាពេលនេះ។
លោក សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានលើកឡើងថា ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឱ្យវិស័យអប់រំឯកជនចូលរួមអភិវឌ្ឍធនធានមនុស្សចាប់ពីកម្រិតមតេយ្យសិក្សាដល់កម្រិតឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ នៅឆ្នាំសិក្សា២០២១-២០២២ សាលាអន្តរជាតិភ្យូឆឺរប្រាយទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន១នាក់ និងជ័យលាភីសិស្សពូកែទូទាំងប្រទេសចំណាត់ថ្នាក់លេខ១ គណិតវិទ្យា MOSC ថ្នាក់ទី១០ ចំនួន១នាក់ ព្រមទាំងជ័យលាភីសិស្សពូកែទូទាំងខេត្តសៀមរាបចំណាត់ថ្នាក់លេខ២ ផ្នែកគណិតវិទ្យាថ្នាក់ទី១២ ចំនួន១នាក់។ ដោយឡែក នៅឆ្នាំសិក្សា២០២១-២០២២ សាលាអន្តរជាតិភ្យូឆឺរប្រាយទទួលបានទង់ជ័យលាភីវិទ្យាល័យសិស្សពូកែពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
លោកបានបន្តថា សាលាអន្តរជាតិភ្យូឆឺរប្រាយមានការទទួលស្គាល់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប និងមានដៃគូសហប្រតិបត្តិការជាមួយគ្រឹះស្ថានសិក្សាអន្តរជាតិចំនួន៨៤ នៅប្រទេសសិង្ហបូរី ថៃ ឡាវ និងវៀតណាម ព្រមទាំងមានដៃគូសហប្រតិបត្តិការជាមួយអង្គការជាតិនិងអន្តរជាតិ និងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋាននៃកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានសិស្សានុសិស្សចុះឈ្មោះចូលរៀនមានចំនួនកើនឡើងជាលំដាប់រៀងរាល់ឆ្នាំសិក្សា ចំពោះសិស្សានុសិស្សថ្នាក់ទី៧ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិជាប់ ១០០% រៀងរាល់ឆ្នាំសិក្សាផងដែរ។
លោក គោស៊ុំ សារឿត ក៏សូមផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូមានស្នាដៃឆ្នើមទាំងអស់ត្រូវខិតខំបង្រៀនបន្ថែមទៀត ដើម្បីទទួលបានជ័យលាភីជាបន្តបន្ទាប់ទៀត និងលើកកម្ពស់គុណភាពបង្រៀនកម្រិតស្តង់ដាជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពសិក្សាកម្រិតស្តង់ដារជាតិនិងអន្តរជាតិ ដល់សិស្សានិសិស្សនៃសាលាអន្តរជាតិភ្យូឆឺរប្រាយ។
លោកក៏សូមផ្តាំផ្ញើរដល់សិស្សានុសិស្សជ័យលាភីទាំងអស់ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានជ័យលាភីជាបន្តបន្ទាប់ ហើយត្រូវបន្តការសិក្សាកម្រិតឧត្តមសិក្សាទាំងអស់គ្នា សំដៅអភិវឌ្ឍជីវិតខ្លួនឯង អភិវឌ្ឍសង្គមគ្រួសារ រួមចំណែកអភិវឌ្ឍសហគម និងសង្គមជាតិផងដែរ៕