(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរងនាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ដើម្បីត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងយោធិនគ្រប់រូបនៃកងកម្លាំងអន្តរាគមន៍ទាំងអស់របស់កងពលតូចថ្មើរជើងលេខ៥១ ដែលបានប្រុងប្រៀបកម្លាំង មធ្យោបាយ និងសម្ភារតាមផែនការ ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន។

ឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់កងកម្លាំងទាំងអស់ និងបន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕