(ម៉ុងហ្គោលី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានធ្វើដំណើរមកដល់ប្រទេសម៉ុងហ្គោលី ដោយសុវត្ថិភាព នៅមុននេះបន្តិច។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «ពេលនេះខ្ញុំ និងភរិយាព្រមទាំងគណៈប្រតិភូកម្ពុជា បានមកដល់រដ្ឋធានីអូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី ដោយសុវត្ថិភាពហើយ បន្ទាប់ពីការហោះហើររយះពេលជាង៦ម៉ោង និងចុះចតចាក់សាំង១ម៉ោង នៅក្នុងប្រទេសចិន។ ម៉ោងក្នុងប្រទេសម៉ុងហ្គោលី យឺតជាងម៉ោងក្នុងប្រទេសយើងចំនួន២ម៉ោង។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ»។
នៅព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានចាកចេញ ពីកម្ពុជា ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១១ នៅប្រទេសម៉ុងហ្គោលី ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ដល់១៦ ខែកក្កដា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា គណៈប្រតិភូអមដំណើរនាយករដ្ឋមន្រ្តី រួមមានលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាជាច្រើននាក់ ទៀត។ នៅក្នុងកិច្ចប្រជុំខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គរបស់កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើប្រធានបទ «ការតភ្ជាប់ផ្នែកទន់»។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ នឹងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនរួមមាន ការវាយតម្លៃលើបទពិសោធន៍របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅអនាគត របស់ ASEM បំរែបំរួលអាកាសធាតុ ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹកព្រម ទាំងបញ្ហាតំបន់ និងអន្តរជាតិ។
កិច្ចប្រជុំខាងលើនេះ ក៏គ្រោងនឹងអនុម័ត លើឯកសារស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ សេចក្តីប្រកាសអ៊ូឡង់បាទ័រ និងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ។
ក្រៅពីកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ឺន ហ្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន និងលោកស្រី ប៉ាក គឿនហេ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េផងដែរ និងអាចជួបប្រាស្រ័យជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលផ្សេងទៀត៕