(កំពង់ចាម)៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន ទោះបីមមាញឹកនឹងការកសាងសមាជិកបក្សយ៉ាងណាក៏ដោយ តែក៏ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង ផ្សព្វផ្សាយពីគោលនយោបាយបក្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ជាមួយសមាជិកបក្ស និងប្រជាជន ពិសេសគឺការបម្រើសេវាសាធារណៈ ការធ្វើអំពើល្អជាដើម។
ការដាស់តឿនណែនាំនេះត្រូវបានលើកឡើងដោយលោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំផ្អាវ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាឱកាសដឹកនាំកិច្ចពិភាក្សាដោះស្រាយសំណូមពរ តម្រូវការ និងការបម្រើសេវាសាធារណៈជូនប្រជាជន នៅស្នាក់គណបក្សប្រជាជនកម្ពុជាឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
នាឱកាសនោះ លោក ហេង សួរ បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ប៉ុន្តែមកដល់ថ្ងៃនេះហើយ គឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដាក់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថាពួកគេមិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋានក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ ដើម្បីពង្រឹងគោលជំហររបស់គណបក្ស។
លោកបានសង្កត់ធ្ងន់ឱ្យគណបក្សឃុំត្រូវមានផែនការអ្វីខ្លះដើម្បីបម្រើប្រជាពលរដ្ឋ និងទាក់ទាញបេះដូងរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
លោកប្រធានបានណែនាំទៅកាន់គណបក្សឃុំឱ្យត្រូវជំរុញការបញ្ចូលទិន្នន័យសមាជិកបក្សឱ្យបានត្រឹមត្រូវ ពិសេសអ្នកដែលស្ម័គ្រចិត្តចូលជាសមាជិកបក្សហើយ តែមិនទាន់មានឈ្មោះក្នុងបញ្ជីគណបក្ស។
លោកបានបន្តថា គណបក្សឃុំត្រូវត្រៀមឃោសនិកតាមភូមិ យុវជនដែលមានថ្វីមាត់ និងចំណេះដឹងទូលំទូលាយ ដើម្បីបកស្រាយពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋនៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ។
បន្ទាប់ពីណែនាំនូវអនុសាសន៍ និងដាក់ផែនការការងារសម្រាប់គណបក្សឃុំរួចហើយនោះ លោក ហេង សួរ ក៏បានប្រគល់អំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរួមមាន៖
* សាលាបឋមសិក្សាផ្អាវ៖ កុំព្យូទ័រ៣គ្រឿង ម៉ាស៉ីនព្រីនធ័រ៣គ្រឿង
* វិទ្យាល័យ ហោ ណាំហុង ព្រៃញា៖ កុំព្យូទ័រ៤គ្រឿង និងផ្ដល់បន្ទប់ទឹកសាលារៀន២ខ្នង (១០បន្ទប់) ដែលចំណាយថវិកាសរុប ១៥,៨៤៤,០០០រៀល
* សាលាបឋមសិក្សាតាំងបឹង៖ កុំព្យូទ័រ១គ្រឿង ម៉ាស៉ីនព្រីនធ័រ១គ្រឿង
* ស្នាក់ការគណបក្សឃុំផ្អាវ៖ ជួសជុលបិទការ៉ូឡើងវិញចំណាយថវិកា ៨,០៩០,០០០រៀល។
អំណោយទាំងនេះគឺសម្រាប់ទ្រទ្រង់រាល់សកម្មភាពរបស់គណ:កម្មាធិការគណបក្សមូលដ្ឋាន ការចិញ្ចឹមចលនាចុះជាប់ជាមួយសមាជិក ក៏ដូចជាដោះស្រាយបញ្ហាប្រឈម និងសំណូមពរជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែ៕