(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ២កន្លែងផ្សេងគ្នា នៅខណ្ឌសែនសុខ និងខណ្ឌបឹងកេងកង តែមិនបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ខណៈកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត ២០គ្រឿង។
លោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យទាំង២ទីតាំង រួមមាន៖
ករណីទី១៖ កើតឡើងនៅម៉ោង១០ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ចំណុចយានដ្ឋានមួយក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលបានបណ្តាលឲ្យឆាបឆេះខូចខាតជាន់ឡៅតឿ ទំហំ៤ម៉ែត្រគុណ១០ម៉ែត្រ នឹងសម្ភារៈចំនួនប្រហែល៣០% តែមិនបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញនៅវេលាម៉ោង១១ព្រឹកថ្ងៃដដែល ខណៈកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់៥ឡាន ស្មើនឹង២០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប។
ករណីទី២៖ កើតឡើងនៅម៉ោង១រសៀលថ្ងៃនេះ ចំណុចផ្ទះលេខ៨៤C តាមបណ្តោយផ្លូវ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដែលបានបណ្តាលឲ្យឆាបឆេះខូចខាតផ្ទះជាន់ទី១ ប្រហែល៥០% រួមនឹងសម្លៀកបំពាក់សម្រាប់លក់ចំនួន ៦០,០០០ឈុត តែក៏មិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងដែរ។
ករណីនេះដែរ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង២រសៀលនាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន ស្មើនឹង៣២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងអូឡាំព្យាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៨ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន OCIC កោះពេជ្រ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប។
លោកវរសេនីយ៍ទោ គង់ ថូ បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ដោយនៅក្នុងនោះបានបណ្តាលឲ្យមនុស្សចំនួន២នាក់បានរងរបួសស្រាល និងមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។
លោកវរសេនីយ៍ទោបានសំណូមពរដល់ប្រជាពរលដ្ឋទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ ដោយសារតែមួយរយៈនេះ អាកាសធាតុមានការក្តៅខ្លាំង ដូច្នេះមុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កម្សាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់ខ្លួន៕