(សៀមរាប)៖ ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានសង្កាត់សៀមរាប នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ រៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១,០៣៨ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលតភ្ជាប់ពីផ្លូវលេ៦៣ ទៅភ្ជាប់ដល់មណ្ឌលសុខភាព ដែលជាអំណោយរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសមាគមសម្ព័ន្ធប្រជាជនដើមី្បសន្តិភាព។

ការបើកការដ្ឋានធ្វើឡើងក្រោមវត្តមានរបស់លោកស្រី ឡៅ សុគន្ធមាលា អគ្គលេខាធិការរងនៃសមាគមសម្ព័ន្ធប្រជាជនដើមី្បសន្តិភាព លោក ង៉ូវ សេងកាក់ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានសង្កាត់សៀមរាប ដោយមានការនិមន្ត ចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័យ អាជ្ញាធរអប្សរា ចៅសង្កាត់ និងក្រុមការងារថ្នាក់ខេត្ត សមាជិកសមាជិក សមាគមសម្ព័ន្ធប្រជាជន ដើមី្បសន្តិភាព និងប្រជាពលរដ្ឋប្រមាណ៣០០នាក់ផងដែរ។

លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានឲ្យដឹងថា ផ្លូវបេតុងដែលបានបើកការដ្ឋានស្ថាបនានាពេលនេះ បន្ទាប់ពីសាងសង់រួច ផ្លូវនេះនឹងក្លាយទៅជាផ្លូវមួយដែលមានសក្តានុពលសម្រាប់បម្រើឲ្យសេចក្តីត្រូវការចាំបាច់របស់ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មានភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ ក៏ដូចជាបង្កភាពងាយស្រួលក្នុងការទៅទស្សនាប្រាង្គប្រាសាទផងដែរ។ ផ្លូវនេះតភ្ជាប់ពីផ្លូវលេខ៦៣ ទៅភ្ជាប់ផ្លូវភូមិត្រៀក ដោយឆ្លងកាត់២ភូមិ ត្រូវបានធ្វើការចាក់បេតុង សរុបថវិកាក្នុងការប្រើប្រាស់ស្ថាបនាសរុប១៧៣,៥០០ដុល្លា ដោយផ្លូវនេះស្ថិតក្នុងដែនសមត្ថកិច្ច អាជ្ញាធរជាតិអប្សរា ៥០% និងដែនរដ្ឋបាលសង្កាត់ ៥០%។

លោក ង៉ូវ សេងកាក់ បានលើកឡើងថា ផ្លូវមួយខ្សែនេះក្រោយពីសាងសង់រួចរាល់ នឹងបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋក្នុងភូមិសំខាន់ចំពោះភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តនូវប្រាសាទអធ្វារនេះទៀតផង។

លោកបានបន្តថា ខេត្តសៀមរាបមានសក្តានុពលដែលសម្បូរទៅដោយកន្លែងផ្តល់សេវាកម្មទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងចូលរួមថែរក្សានូវអនាម័យ បរិស្ថាននៅតាមដងផ្លូវនេះឲ្យកាន់តែមានសោភ័ណ្ឌភាពស្រស់ស្អាតថែមទៀត។

លោកស្រី ឡៅ សុគន្ធមាលា បានបន្តថា ផ្លូវបេតុងមួយខ្សែនេះ គឺផ្តើមចេញពីកម្លាំងសាមគ្គីរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងក្រុមការងាររួមជាមួយសមាគមសម្ពន្ធប្រជាជនដើមី្បសន្តិភាព អាជ្ញាធរមូលដ្ឋាន ដែលជាសមិទ្ធផលថ្មីដែលលេចឡើងនៅក្នុងមូលដ្ឋាន គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផលនៃគោលនយោបាយឈ្នះឈ្នះ។

លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានធ្វើចរាចរណ៍លើដងផ្លូវនេះសូមមានការអធ្យាស្រ័យ នៅពេលកំពុងធ្វើការសាងសង់ផ្លូវនេះ។

ជាមួយនេះដែរ លោកស្រីក៏សង្ឃឹមថា ប្រជាពលរដ្ឋត្រូវបន្តការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីគណបក្សបន្តឈ្នះ និងដឹកនាំប្រទេសជាតិ៕